(រ៉ង់ហ្គូន)៖ ពលករចំណាកស្រុកខុសច្បាប់មីយ៉ាន់ម៉ាទៅប្រទេសសរុប ៣៤,០៦៩នាក់ហើយ បានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ពួកគេវិញ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ទោះបីជាអាជ្ញាធរថៃបានប្រកាសពន្យាពេល ការអនុម័តច្បាប់រឹតបន្តឹងថ្មី ជុំវិញបញ្ហាពលករចំណាកស្រុបមកពីបណ្តាប្រទេសជិតខាង ដែលត្រូវបានដាក់ចេញកាលពីសប្តាហ៍មុនក៏ដោយ។ នេះបើតាមព័ត៌មានពីក្រសួងការងារ និងអន្តោប្រវេសន៍មីយ៉ាន់ម៉ា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
ច្បាប់ដែលមានគោលដៅទប់ស្កាត់បញ្ហាជួញដូរមនុស្ស និងរឹងបន្តឹងលើពលករចំណាកស្រុកមកពីបរទេសនៅក្នុងប្រទេសថៃនោះ បានបង្កភាពវឹកវរជាខ្លាំង និងបានបណ្តាលឲ្យពលករចំណាកស្រុកជាង ៦០,០០០នាក់ បង្ខំចិត្តប្រញាប់ប្រញាល់ភៀសខ្លួនចាកចេញពីប្រទេសអាស៊ានមួយនេះ ដែលភាគច្រើនក្នុងចំណោមនោះមកពី មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ ហើយអនុក្រឹត្យថ្មីនេះ នឹងធ្វើការផាកពិន័យយ៉ាងធ្ងន់ធ្ងរទាំងលើនិយោជក និងពលករដែលគ្មានប័ណ្ណអនុញ្ញាតការងារត្រឹមត្រូវ។
ប្រការនេះបានធ្វើឲ្យកកស្ទះដល់ទីភ្នាក់ងារសង្គមស៊ីវិលជាច្រើន និងបណ្តាលឲ្យការឆ្លងកាត់ព្រំដែនមានភាពយឺតយ៉ាវយ៉ាងជាខ្លាំង ដោយសារតែច្រកព្រំដែនបានកំណត់ឲ្យមនុស្សចំនួនត្រឹមតែ ១០០នាក់ប៉ុណ្ណោះ អាចធ្វើដំណើរឆ្លងកាត់បានក្នុងថ្ងៃ ដែលបាន និងកំពុងបង្កទុក្ខលំបាកដល់ជនចំណាកស្រុកមីយ៉ាន់ម៉ាជាច្រើននាក់ ដែលពុំមានស្បៀងអាហារ និងបរិក្ខាសម្រាប់ស្នាក់អាស្រ័យគ្រប់គ្រាន់ ស្របពេលកំពុងរង់ចាំឆ្លងព្រំដែនមកកាន់មាតុភូមិវិញ។
គួរបញ្ជាក់ថា ពលករស្របច្បាប់ប្រហែល ០៤លាននាក់ និងពលករខុសច្បាប់មួយលាន ដែលបានធ្វើចំណាកស្រុកពីប្រទេសមីយ៉ាន់ម៉ា និងត្រូវគេរាយការណ៍ថា កំពុងស្ថិតក្នុងប្រទេសថៃ ខណៈកម្ពុជាក៏មានចំនួនពលករចំណាកស្រុកមិនសូវជាតិចប៉ុន្មាននោះដែរ ដែលស្ថិតនៅក្នុងប្រទេសថៃ៕