(វ៉ាស៊ីនតោន)៖ លោក Christopher Wray ជាបេក្ខភាពដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជ្រើសរើស ដើម្បីកាន់តំណែងជានាយកថ្មីរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI នោះ នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការយុត្តិធម៌ នៃព្រឹទ្ធសភាអាមេរិកនាថ្ងៃទី១២ ខែកក្កដាសប្តាហ៍ក្រោយនេះ។ នេះបើតាមសេចក្តីប្រកាសជូនដំណឹងរបស់ គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ ដកស្រង់ដោយសារព័ត៌មាន USA TODAY នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសខាងលើ ការសម្រេចទទួលស្គាល់ ឬមិនទទួលស្គាល់ ចំពោះការជ្រើសតាំងលោក Christopher Wray នឹងត្រូវប្រព្រឹត្តទៅនាវេលាម៉ោង ១០៖០០នាទី នៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ក្នុងអគារការិយាល័យ Dirksen Senate Office Building តាមការបង្គាប់របស់ ប្រធានគណៈកម្មាធិការយុត្តិធម៌នៃព្រឹទ្ធសភា។ បើសិនជាត្រូវគណៈកម្មធិការអនុម័តទទួលស្គាល់ នោះលោក Wray នឹងចូលកាន់តំណែងដែលនៅសល់ទំនេរនេះបន្តពី លោក James Comey។
គួរបញ្ជាក់ថា លោក Wray ត្រូវបានជ្រើសរើសដោយលោក ដូណាល់ ត្រាំ កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីអតីតមេ FBI ចាស់ លោក James Comey ត្រូវបានបញ្ឈប់ពីតំណែងយ៉ាងតក់ក្រហល់ដោយ លោក ត្រាំ ផ្ទាល់។ លោក Christopher Wray ដែលជាអតីតរដ្ឋអាជ្ញាមួយរូបនោះ ក៏ធ្លាប់បម្រើការងារនៅក្នុងរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក George W. Bush ផងដែរ ដោយចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥ លោក Wray មានតួនាទីជាប្រធានផ្នែកព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌អាមេរិក៕