(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមានចិនត្រង់ៗតែម្ដងថា ទីក្រុងប៉េកាំងអាចនឹងប្រឈមមុខហានិភ័យពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក បើសិនជាការធ្វើពាណិជ្ជកម្ម របស់ទីក្រុងប៉េកាំងជាមួយកូរ៉េខាងជើង រំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN)។ នេះបើតាមអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោកស្រី Nikki Haley ធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ UN បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បង «មីស៊ីលផ្លោងឆ្លងទ្វីប ICBM» ដោយជោគជ័យ ដែលត្រូវបានលោកស្រីផ្ទាល់ចាត់ទុកថា អាចនឹងធ្វើឱ្យពិភពលោកធ្លាក់ក្នុងរណ្ដៅគ្រោះថ្នាក់ រីឯចិនគឺនៅតែជាកូនសោរដ៏សំខាន់មួយ ដែលអាចជួយលើកកម្ពស់សន្តិភាព។
ប៉ុន្តែព្រមពេលជាមួយគ្នា លោកស្រីក៏បានគូសបញ្ជាក់យ៉ាងដូច្នេះដែរថា «ចិនគឺជាអ្នកទទួលខុសត្រូវ ៩០ភាគរយនៃពាណិជ្ជកម្មរបស់កូរ៉េខាងជើង ហើយចង់ ឬមិនចង់ មិនថាទីក្រុងប៉េកាំង ឬប្រទេសដទៃនោះទេ នឹងត្រូវប្រឈមមុខនឹងហានិភ័យពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បើសិនជាការធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយកូរ៉េខាងជើង រំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (UN)... ជាងនេះទៅទៀតគោលជំហររបស់ពួកយើងនឹងផ្លាស់ប្ដូរ នៅពេលដែលបណ្ដាប្រទេសទំាងនោះ មិនបានគិតគូរពេញទំហំលើសន្តិសុខពិភពលោកទេនោះ»។
គួរបញ្ជាក់ថា ក្រៅតែពីព្រមានដាក់ទណ្ឌកម្មបន្ថែម លោកស្រី Nikki Haley អះអាងជាថ្មីឡើងវិញថា នឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើងនៅក្នុងករណីចាំបាច់៕