(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីធ្វើការជជែកពិភាក្សាមួយទល់នឹងមួយ នៅពេលដែលលោកស្រីធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅឯទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់នាចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីរដ្ឋាភិបាលអង់គ្លេស ដកស្រង់ដោយសារព័ត៌មាន Independent នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានខាងលើ លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស និងលោកប្រធានាធីបតីអាមេរិក ត្រូវគេរំពឹងថា នឹងប្រើប្រាស់កិច្ចជួបពិភាក្សាទ្វេភាគីនេះ ដើម្បីជជែកអំពីស្ថានការណ៍ដ៏ក្តៅគគុកនៅតំបន់ឧបទ្វីបកូរ៉េ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ចំនួនមួយគ្រាប់ដោយជោគជ័យនាសប្តាហ៍នេះ។ ម៉្យាងវិញទៀត លោកស្រី May ក៏នឹងលើកយកបញ្ហានៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស មកពិភាក្សាជាមួយលោក ត្រាំ ផងដែរ ដែលបានជឿជាក់ថា កិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់នេះ គួរតែធ្វើការចរចាជាថ្មី ដើម្បីធ្វើឲ្យមានផ្តល់សារៈប្រយោជន៍ខ្លាំងជាងមុន ដល់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានទទួលយកការអញ្ជើញពីសំណាក់លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសផងដែរ ដើម្បីធ្វើដំណើរទស្សនកិច្ចមកកាន់ចក្រភពអង់គ្លេស តែព័ត៌មានលម្អិតដូចជាកាលរិច្ឆេទនៃដំណើរទស្សនកិច្ចនេះជាដើមនោះ នៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ៕