(ញូយ៉ក)៖ សហរដ្ឋអាមេរិក នឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើងនៅក្នុងករណីចាំបាច់ ដែលនេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិនាថ្ងៃពុធសប្តាហ៍នេះ ហើយលោកស្រី Nikki Haley ថែមបានទាំងព្រមានទៀតថា សកម្មភាពបង្កហេតុរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ជាពិសេសការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM នាពេលថ្មីៗនេះ កំពុងតែរារាំងឱកាសនៃការស្វែងរកដំណោះស្រាយការទូតលើបញ្ហានេះហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN លោកស្រី Haley បានថ្លែងថា «កុំភ័ន្តច្រឡំឲ្យសោះ ការបាញ់សាកល្បងមីស៊ីលផ្លោង ICBM របស់កូរ៉េខាងជើង គឺជាការដុតរោលភាពតានតឹងផ្នែកយោធាដ៏ច្បាស់ និងប្រថុយប្រថានជាទីបំផុត។ ម៉្យាងវិញទៀត រដ្ឋកុម្មុយនិស្តមួយនេះ បានអួតអាងទាំងបើកចំហចំៗថា មីស៊ីលរបស់ពួកគេត្រូវបានអភិវឌ្ឍន៍ឡើង ក្នុងគោលបំណងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីវាយប្រហារលើបណ្តាទីក្រុងនានា ក្នុងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយឥឡូវនេះទីក្រុងព្យុងយ៉ាងមានសមត្ថភាព និងលទ្ធភាពជាងមុនក្នុងការធ្វើយ៉ាងដូច្នោះហើយ»។
លោកស្រីឯកអគ្គរដ្ឋទូតបានបន្តថា «សកម្មភាពរបស់ពួកគេ កំពុងបង្កជាការារាំងយ៉ាងខ្លាំងដល់លទ្ធភាពនៃការស្វែងរកដំណោះស្រាយការទូត។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក កំពុងត្រៀមលក្ខណៈរួចជាស្រេចដើម្បី ប្រើប្រាស់សមត្ថភាពគ្រប់បែបយ៉ាងដែលយើងមាន ដើម្បីការពារខ្លួនយើងផ្ទាល់ក៏ដូចជាសម្ព័ន្ធមិត្តនានា ហើយសមត្ថភាពមួយក្នុងចំណោមនោះគឺកម្លាំងយោធារបស់យើង ដោយយើងនឹងជ្រើសរើសជម្រើសនេះប្រសិនបើមិនអាចជៀសវាងបាន ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថានឹងឈានទៅរកទិសដៅនោះឡើយ»។
លោកស្រី Haley បញ្ជាក់បន្ថែមទៀត សហរដ្ឋអាមេរិក នឹងដាក់សំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ឲ្យមានការរៀបចំទណ្ឌកម្មថ្មី ប្រឆាំងទៅនឹងប្រទេសកូរ៉េខាងជើង៕