(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិកបានទទួលស្គាល់ហើយថាកូរ៉េខាងជើង ពិតជាបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ប្រាកដមែន ខណៈក្រុមមន្ត្រីអាមេរិកខ្លះជឿជាក់ថាចាប់ពីពេលនេះតទៅ ទីក្រុងព្យុងយ៉ាង អាចនឹងមានលទ្ធភាពបាញ់ផ្លោងមីស៊ីលប្រភេទនេះដល់រដ្ឋ Alaska ភាគពាយ័ព្យសហរដ្ឋអាមេរិក៕
២៖ ជនសង្ស័យទាំងប៉ុន្មានដែលត្រូវបានចោទប្រកាន់ពីបទបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ មានជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី កាលពីឆ្នាំ២០១៤នោះ នឹងត្រូវកាត់ទោសនៅក្នុងតុលាការនៃប្រទេសហូឡង់ នាពេលឆាប់ៗមុខនេះហើយ។
៣៖ ក្រុមឧទ្ទាមដ៏មានឥទ្ធិពលនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកាត់ក្បាលជនជាតិវៀតណាមចំនួន០២នាក់ ក្រោយពីពួកគេត្រូវបានចាប់ជម្រិតនាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ហើយ ទង្វើដ៏ព្រៃផ្សៃនេះត្រូវបានធ្វើឡើងអំឡុងពេលដែលសង្គ្រាមរវាងកងទ័ពហ្វីលីពីន និងក្រុមឧទ្ទាមគាំទ្រ ISIS មានឈ្មោះថា Maute ដែលជាសម្ព័ន្ធរបស់ក្រុម អាប៊ូ សាយយ៉ាហ្វ បន្តផ្ទុះឡើង នៅទីក្រុង Marawi នៃខេត្តមីដាណាវ ដែលឈានចូលដល់រយៈពេលជាងមួយខែទៅហើយ៕
៤៖ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានធ្វើសមយុទ្ធយោធារួមគ្នា ដែលក្នុងគ្រានោះសម្ព័ន្ធមិត្តទាំងពីរ បានបាញ់មីស៊ីលទៅទៅកាន់ដែនទឹករបស់កូរ៉េខាងត្បូង ស្ថិតក្នុងសមុទ្រជប៉ុន ដើម្បីជាការឆ្លើយតបចំពោះការធ្វើតេស្តមីស៊ីលផ្លោងថ្មីចុងក្រោយបំផុតរបស់កូរ៉េខាងជើង។
៥៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបពិភាក្សាការងារជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល នាឱកាសបំពេញដំណើរទស្សនកិច្ចដើម្បីត្រៀមចូលរួមកិច្ចប្រជុំ G20 នៅក្នុងសប្ដាហ៍នេះ។ ព្រមពេលជាមួយគ្នា ប្រធានាធិបតីចិនរូបនេះក៏បាននិយាយដែរថា ប្រទេសរបស់លោកគាំទ្រដល់ការរួបរួមគ្នា ស្ថេរភាព ការរីកចំរើន និងការបើកចំហរបស់ សហភាពអឺរ៉ុប៕
៦៖ យន្តហោះខ្នាតតូចមួយគ្រឿង ដែលមានមនុស្សជិះនៅលើនោះចំនួន០៥នាក់ បានធ្លាក់នៅក្នុងតំបន់ Wamena នៃខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែក្រុមសង្គ្រោះ កំពុងតែបំពេញប្រតិបត្តិការស្វែងរកនៅកន្លែងកើតហេតុ ដោយគេនៅមិនទាន់ទទួលបានព័ត៌មានអំពីជោគវាសនាមនុស្សម្នាទាំង០៥នាក់នោះឡើយទេ៕