(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានអះអាងថាមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលខ្លួនបានបាញ់សាកល្បង គឺមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងថែមទំាងបានចំអក ដែរថា ជោគជ័យនៃការធ្វើតេស្ដនេះគឺជាកាដូកែអផ្សុកផ្ញើជូនទីក្រុងវ៉ាស៊ីនតោន នាឱកាសបុណ្យឯករាជ្យជាតិអាមេរិក កាលពីថ្ងៃទី០៤ ខែកក្កដា។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារម្សិលមិញ កូរ៉េខាងជើង បានប្រកាសថា ខ្លួនបានបាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-14 ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់ មេដឹកនាំកំពូលលោក គីម ជុងអ៊ុន។ គ្រាប់មីស៊ីលនេះត្រូវបានធ្វើតេស្ដ នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវាអាចរត់បានចំងាយ ៩៣៣ គីឡូម៉ែត្រ ព្រមទាំងអាចហោះបានរយៈកម្ពស់ដល់ទៅ ២៨០២គីឡូម៉ែត្រ ក្នុងរយៈពេល៣៩នាទី មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ចំណែកឯ សហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ដែរថា ទីក្រុងព្យុងយ៉ាងពិតជាបានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ប្រាកដមែន ហើយអ្នកជំនាញខ្លះយល់ថាវាអាចនឹងមានលទ្ធភាពបាញ់ ដល់រដ្ឋ Alaska ក៏ប៉ុន្តែ រុស្ស៊ីនៅតែជឿជាក់ថាមីស៊ីលនេះគឺគ្រាន់តែជាមីស៊ីលរយៈចំងាយមធ្យមប៉ុណ្ណោះ។ ដោយឡែក ថ្លែងនៅក្នុងបទវិចារណកថា របស់ខ្លួន KCNA បានដកស្រង់សម្ដី លោក គីម ជុនអ៊ុន ដូច្នេះថា៖ «មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលយើងបានបាញ់សាកល្បង គឺមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ស្របតាមបច្ចេកវិទ្យាកំដៅ ស្ថេរភាពរចនាសម្ព័ន្ធ ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីចូលក្នុងលំហអាកាសដោយគ្មានការខូតខាតអ្វីទំាងអស់... មិនតែប៉ុណ្ណោះជោគជ័យនេះ វាប្រៀបបានទៅនឹងកាដូកែអផ្សុកផ្ញើជូនសហរដ្ឋអាមេរិកសម្រាប់ ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃ ទី០៤ ខែកក្កដា»។
គួរបញ្ជាក់ថា បើតាម KCNA មេដឹកនាំកំពូល លោក គីម ជុងអ៊ុន នៅតែអះអាងថា មិនអាចចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែប្រកាន់គោលនយោបាយអរិភាពប្រឆាំងនឹងកូរ៉េខាងជើង។ មួយវិញទៀត កងទ័ពអាមេរិកជិត ២៨,០០០នាក់ កំពុងឈរជើងនៅកូរ៉េខាងត្បូងគឺជាមូលហេតុ ចម្បង ជំរុញឱ្យកូរ៉េខាងជើងត្រូវតែមានអាវុធនុយក្លេអ៊ែរឱ្យខានតែបាន៕