(អាមេរិក)៖ ការសិក្សាស្រាវជ្រាវ និងរុករកនៅលើភពអង្គារ (Mars) បានបោះជំហានដ៏ធំមួយកាលពីពេល ២០ឆ្នាំមុន ដោយកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ (ពេលវេលានៅអាមេរិក) បេសកកម្ម Pathfinder របស់អង្គការ NASA បានទៅដល់លើផ្ទៃដីរបស់ភពក្រហមនេះ ហើយនាំយកទៅជាមួយនូវយាន Lander ចំនួនមួយគ្រឿង រួមទាំងយាន Rover ដ៏តូចមួយគ្រឿងផ្សេងទៀតមានឈ្មោះថា Sojourner ដែលជាយានមានកង់អាចចល័តបានដំបូងគេនៅលើ Mars របស់ទីភ្នាក់ងារអវកាសអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយវិទ្យាសាស្រ្ត Space.com នៅល្ងាចថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
Pathfinder គឺជាបេសកកម្មដំបូងគេរបស់ NASA ដែលបានធ្វើដំណើរទៅដល់ភពអង្គារដោយជោគជ័យ គិតចាប់តាំងពីយានអវកាសភ្លោះ Viking 1 (យានចុះចត ឬ Lander) និង Viking 2 (ផ្កាយរណប ឬ Orbiter) កាលពីអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ ហើយជោគជ័យរបស់វា បានជួយត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងប្រវត្តិសាស្រ្តអវកាស សម្រាប់ការបញ្ជូនរ៉ូបូតជាបន្តបន្ទាប់ទៀត ទៅកាន់ភពក្រហមនេះ។ នៅក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ យានរ៉ូបូតចំនួន ០៨គ្រឿងផ្សេងទៀត បានទៅដល់ភពអង្គារ ហើយ ០៥គ្រឿងក្នុងចំណោមនោះ នៅតែបន្តប្រតិបត្តិការរបស់ពួកវា រហូតមកទល់សព្វថ្ងៃនេះដដែល។
បេសកកម្ម Pathfinder ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានធ្វើដំណើរផ្សងព្រេងអស់រយៈពេល០៨ខែ មុនទៅដល់ភពអង្គារ។ បន្ទាប់ពីយានចុះចត (Lander) របស់ Pathfinder បានជាន់លើផ្ទៃរបស់ភពក្រហមនេះ យានរ៉ូវើ (Rover) មានកង់ចំនួន០៦ និងទំហំប៉ុនម៉ាស៊ីនកម្តៅម្ហូបអាហារ Sojourner ក៏បានចាប់ផ្តើមប្រតិបត្តិការរបស់វា។ យោងតាម NASA Pathfinder បានបញ្ជូនរូបភាពលើកដំបូងនៃផ្ទៃភពអង្គារទៅកាន់ផែនដី កាលពីចន្លោះថ្ងៃទី០៤ និងទី០៨ ខែកក្កដា ឆ្នាំ១៩៩៧។ យាន Lander របស់ Pathfinder ត្រូវបានរចនាឡើងក្នុងឲ្យដំណើរការ សម្រាប់រយៈពេលមួយខែ ខណៈយានរ៉ូវើ Sojourner សម្រាប់តែពេលមួយសប្តាហ៍ប៉ុណ្ណោះ ក៏ប៉ុន្តែរ៉ូបូតទាំងពីរគ្រឿងនេះបានបន្តប្រតិបត្តិការរហូតដល់ទៅបីខែឯណោះ ដោយបានប្រមូលយកទិន្នន័យជាច្រើនអំពីបរិយាកាស អាកាសធាតុ សណ្ឋានដី និងផ្ទៃខាងក្នុងរបស់ភពអង្គារ។
គួរបញ្ជាក់ថា ការចុះចតរបស់បេសកកម្ម Pathfinder នៅលើភពអង្គារ គឺជាមិនមែនជាព្រឹត្តិការណ៍ដ៏ធំតែមួយគត់របស់ទីភ្នាក់ងារអវកាស NASA ដែលបានកើតឡើងនៅថ្ងៃទី០៤ ខែកក្កដានោះឡើយ។ តួយ៉ាងកាលពីថ្ងៃនេះ ខែនេះ ឆ្នាំ២០០៥ យានអវកាស Deep Impact បានបញ្ជូនឧបករណ៍ Impactor មួយទៅកាន់ផ្កាយដុះកន្ទុយ Comet Tempel 1 ដើម្បីស្រាវជ្រាវទៅលើសមាសធាតុផ្សំ របស់វត្ថុអវកាសដ៏ត្រជាក់ដូចទឹកកកនេះ។ ម៉្យាងវិញទៀត កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំមុននេះ យានអវកាស Juno របស់ NASA បានធ្វើដំណើរទៅដល់គន្លងតារាវិថីជុំវិញភពព្រហស្បតិ៍ (Jupiter)៕