(ហ្សាការតា)៖ យន្តហោះខ្នាតតូចមួយគ្រឿង ដែលមានមនុស្សជិះនៅលើនោះចំនួន ០៥នាក់ បានធ្លាក់នៅក្នុងតំបន់ Wamena នៃខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែក្រុមសង្គ្រោះកំពុងតែបំពេញប្រតិបត្តិការ ស្វែងរកនៅកន្លែងកើតហេតុនៅឡើយ ដោយគេនៅមិនទាន់ទទួលបានព័ត៌មាន អំពីជោគវាសនាមនុស្សម្នាទាំង ០៥នាក់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនេះ បានកើតមានឡើងបីថ្ងៃបន្ទាប់ពីករណីធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅភាគខាងលិចប្រទេសកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្ស ០៨នាក់ ដោយឧទ្ធម្ភាគចក្រខាងលើនេះប្រតិបត្តិដោយក្រុមមន្ត្រីជួយសង្រ្គោះឥណ្ឌូណេស៊ី បានធ្លាក់ម៉ោងប្រមាណ ១៦៖០០នាទី នៅឯភូមិ Canggal នៃស្រុក Temanggung ស្ថិតនៅភាគកណ្ដាលខេត្តជា្វ(Java) នៅអំឡុងពេលហោះនៅក្បែរភ្នំភ្លើង Dieng ដើម្បីជម្លៀសជនរងគ្រោះពីបន្ទុះភ្នំភ្លើងនេះ៕