(ហូឡង់)៖ ជនសង្ស័យទាំងប៉ុន្មានដែលត្រូវបានចោទប្រកាន់ ពីបទបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ មានជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី កាលពីឆ្នាំ២០១៤នោះ នឹងត្រូវកាត់ទោសនៅក្នុងតុលាការនៃប្រទេសហូឡង់ នាពេលឆាប់ៗមុខនេះហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសហូឡង់ ដកស្រង់ដោយសារព័ត៌មាន Euro News នៅរសៀលថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង តាមការសម្រេចចិត្តរបស់ប្រទេសទាំងប្រាំ រួមានអូស្រ្តាលី ប៊ែលហ្សិក ម៉ាឡេស៊ី អ៊ុយក្រែន និងហូឡង់ បន្ទាប់ពីមានការប៉ុនប៉ងបង្កើតតុលាការអន្តរជាតិមួយ ដែលត្រូវបានរារាំងដោយប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៥ ។ យ៉ាងណាមិញដោយសារតែការស៊ើបអង្កេតព្រហ្មទណ្ឌ នៅតែបន្តប្រព្រឹត្តទៅមិនទាន់ចប់សព្វគ្រប់នោះ កាលបរិច្ឆេទចាប់ផ្តើមនៃសវនការសំណុំរឿងនេះ មិនទាន់ត្រូវបានដឹងច្បាស់នោះទេ ហើយក៏ពុំទាន់មានឈ្មោះរបស់ជនសង្ស័យណាម្នាក់ ត្រូវបានបញ្ជាក់ឲ្យដឹងផងដែរ។
យន្តហោះ MH17 របស់អាកាសចរណ៍ម៉ាឡេស៊ី បានធ្លាក់នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅពេលដែលវាកំពុងធ្វើដំណើរពីទីក្រុង Amsterdam រដ្ឋធានីរបស់ហូឡង់ ឆ្ពោះទៅកាន់រដ្ឋធានីគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ជាមួយអ្នកដំណើរចំនួន ២៨៣នាក់ និងសហសេវិកចំនួន ១៥នាក់។ ជនរងគ្រោះទាំងអស់នៅក្នុងសោកនាដកម្មដ៏អាក្រក់នោះ មកពីប្រទេសចំនួន ១៧ខុសៗគ្នា តែចំនួន ១៩៦នាក់គឺជាជនជាតិហូឡង់។
គួរបញ្ជាក់ថា ក្រោយមកក្រុមស៊ើបអង្កេតចម្រុះ JIT ដែលរួមមានប្រទេសទាំង០៥ខាងលើ ត្រូវបានបង្កើតឡើង ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ ដែលនៅពីក្រោយហេតុការណ៍ធ្លាក់យន្តហោះនេះ និងដើម្បីប្រមែប្រមូលភស្តុតាងផ្សេងៗ ដើម្បីប្រើប្រាស់នៅក្នុងតុលាការ។ ដោយឡែកកាលពីខែតុលា ឆ្នាំ២០១៥ គណៈកម្មការសន្តិសុខហូឡង់ បានធ្វើការសន្និដ្ឋានថា យន្តហោះដឹកអ្នកដំណើរដ៏អភ័ព្វនោះ ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់រ៉ុក្កែត ដែលផលិតឡើងដោយរុស្ស៊ី។ ម៉្យាងវិញទៀត ក្រុមអ្នកស៊ើបអង្កេតបានអះអាងថា គ្រាប់រ៉ុក្កែតនោះត្រូវបានបាញ់ចេញពីក្នុងទឹកដី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមចង់ផ្តាច់រដ្ឋគាំទ្រប្រទេសរុស្ស៊ី៕