(ប៉េកាំង)៖ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Nokia ដែលធ្លាប់ជាក្រុមហ៊ុនលំដាប់កំពូល និងក្រុមហ៊ុនទូរស័ព្ទដៃ Xiaomi ដែលជាស្លាកយីហោកំពុងស្ថិតនៅក្នុងលេខរៀងកំពូលរបស់ប្រទេសចិន បានយល់ព្រមចុះហត្ថលេខាលើអាជ្ញាប័ណ្ណប៉ាតង់ថ្មីមួយ។ នេះបើតាមសម្តីពីអ្នកតំណាងក្រុមហ៊ុនទាំងពីរ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមក្រុមហ៊ុនទាំងពីរ កិច្ចព្រមព្រៀងក៏មានបូករួមបញ្ចូលទំាងអាជ្ញាប័ណ្ណ ផ្នែកបចេ្ចកវិទ្យាទូរស័ព្ទរវាងក្រុមហ៊ុនទំាងពីរ ហើយមិនតែប៉ុណ្ណោះក្រុម Nokia ក៏នឹងផ្ដល់ការផ្គត់ផ្គងបរិក្ខា ជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធឱ្យក្រុមហ៊ុន Xiaomi ផងដែរ។ «ក្រុមហ៊ុន Xiaomi គឺជាកំពូលអ្នកផលិតទូរស័ព្ទដៃស្មាតហ្វូនមួយនៅលើពិភពលោក ហើយយើងពិតជារីករាយណាស់ ដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយពួកគេ»។ នេះបើតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Nokia លោក Rajeev Suri។ ដោយឡែក លោក Rajeev មិនបានបញ្ជាក់លម្អិតនោះទេ ពាក់ព័ន្ធនឹងទំហំហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Nokia ដែលបានផ្តាច់ខ្លួនទាំងស្រុងពី Microsoft ទៅហើយនោះ បានព្យាយាមត្រដាបត្រដួសដណ្តើមយកទីផ្សាររបស់ខ្លួន ដែលបានបាត់បង់ជាច្រើនឆ្នាំនោះត្រឡប់មកវិញ តាមរយៈការផលិតស្មាតហ្វូន ដែលមានស្លាកសញ្ញា Nokia ផ្តាច់មុខ និងដើរដោយប្រព័ន្ធប្រតិបត្តិការ Android ដែលកំពុងពេញនិយម និងមានអ្នកប្រើប្រាស់ច្រើនបំផុតលើលោក ខណៈដែល Xiaomi ក៏កំពុងតែលេចធ្លោខ្លាំងផងដែរ ខាងផលិតស្មាតហ្វូនតម្លៃថោកសមរម្យតែមានគុណសម្បត្តិខ្ពស់ និងចាប់ផ្តើមពង្រីកទីផ្សារកាន់តែធំនៅទូទាំងសកលលោក៕