(ម៉ានីល)៖ ស្ថានប័នឯករាជ្យមួយរបស់រដ្ឋាភិបាលទីក្រុងម៉ានីល បានលើកឡើងពីក្តីព្រួយបារម្ភខ្លាំង ជុំវិញកង្វះខាតនៃសត្វសុនខយោធា ដែលប្រើសម្រាប់ការពារប្រធានាធិបីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងបណ្តាមេដឹកនាំបរទេស ដែលមកបំពេញដំណើរទស្សនកិច្ច នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
ក្តីកង្វល់នេះបានកើតមានឡើង០២ករណី ស្របពេលដែលហ្វីលីពីនក្នុងនាមជាប្រធាន នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០១៧នេះ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានសំខាន់ ក៏ដូចជាកិច្ចប្រជុំដទៃផ្សេងទៀត ទាក់ទងនឹងបញ្ហាអាស៊ានជាបន្តបន្ទាប់មក។ គណៈកម្មការត្រួតពិនិត្យ COA របស់ហ្វីលីពីន បានលើកឡើងនៅក្នុងសេចក្តីរាយការណ៍មួយនាពេលថ្មីៗនេះថា កងការពារសន្តិសុខប្រធានាធិបតី (PSG) ដែលមានភារកិច្ចចម្បង ក្នុងការផ្តល់សន្តិសុខយ៉ាងពេញទំហឹង ជូនមេដឹកនាំហ្វីលីពីន រួមទាំងប្រមុខរដ្ឋាភិបាលបរទេស ដែលមកបំពេញដំណើរទស្សនកិច្ចនៅហ្វីលីពីននោះ បាននិងកំពុងធ្វើប្រតិបត្តិការដោយមានចំនួនសត្វសុនខសន្តិសុខ តិចជាងចំនួនជាអប្បបរមា ដើម្បីបំពេញការងារឲ្យបានត្រឹមត្រូវ។
នៅក្នុងសេចក្តីរាយការណ៍ចេញផ្សាយកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ COA បានឲ្យដឹងថា PSG មានសត្វសុនខសន្តិសុខត្រឹមតែ ២០ក្បាលប៉ុណ្ណោះ ឬមានចំនួន ០៥ក្បាលតិចជាងចំនួនកំណត់ ២៥ក្បាល ដែលតម្រូវឲ្យការពារលោកប្រធានាធិបតី តាមរយៈប្រតិបត្តិការស្វែងរកវត្តមានគ្រាប់បែកជាដើម។ គណៈកម្មការ COA បានបន្តថា សុនខចំនួន ០៥ក្បាលទៀត នឹងចូលនិវត្តន៍នៅឆ្នាំ២០១៨ នៅពេលឈានដល់ឆ្នាំទី០៨នៃការបម្រើការងារ ហើយប្រការហេតុនេះនឹងបន្សល់ទុកឲ្យ PSG នៅសល់តែសត្វសុនខតែ ១៥ក្បាលប៉ុណ្ណោះ ដូច្នេះកាតព្វកិច្ចចម្បងរបស់ PSG ក្នុងការធានារក្សាសុវត្ថិភាព ជូនលោកប្រធានាធិបតី ប្រហែលជានឹងមិនអាចអនុវត្តន៍ទៅ ប្រកបដោយប្រសិទ្ធភាពនោះឡើយ។
ឆ្លើយតបចំពោះសេចក្តីរាយការណ៍សាវនកម្មខាងលើ កងកម្លាំង PSG បានបញ្ជាក់ថា ខ្លួនបានដាក់សំណើដើម្បីសុំប្រាក់ឧបត្ថម្ភបន្ថែម នៅក្នុងកញ្ចប់ថវិកាឆ្នាំ២០១៧របស់ខ្លួនហើយ ដើម្បីទិញសត្វសុនខសន្តិសុខចំនួន ១១ក្បាលថែមទៀត ក៏ប៉ុន្តែសំណើរបស់ពួកគេមិនត្រូវបានពិចារណាដោយថ្នាក់លើនោះទេ។ ក្រៅពីនេះ PSG បានបន្ថែមថា ខ្លួនថែមទាំងបានដាច់ចិត្ត សុំខ្ចីសុនខចំនួន០៤ក្បាលពីខាងកងទ័ពហ្វីលីពីនទៀតផង៕