(ម៉ូស្គូ)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងនាថ្ងៃពុធនេះថា ខ្លួននៅតែមិនទាន់ប្រាកដក្នុងចិត្តនៅឡើយទេ ថា ទីក្រុងព្យុងយ៉ាងជាក់ស្តែងពិតជាបានទទួលជោគជ័យ ក្នុងការអភិវឌ្ឍមីស៊ីលផ្លោងប្រភេទបាញ់ឆ្លងទ្វីប (ICBM) ដូចមាត់អះអាងដែរ ឬយ៉ាងណានោះ ដោយសារតែពុំទាន់មានភស្តុតាងច្បាស់លាស់គ្រប់គ្រាន់ ខណៈអ្នកនយោបាយនានារបស់អាមេរិក កំពុងសម្តែងក្តីកង្វល់ ចំពោះការវិឌ្ឍន៍ស្ថានការណ៍ដ៏អាក្រក់នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារម្សិលមិញ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបាញ់សាកល្បងប្រកបដោយជោគជ័យ នូវមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-14 ក្រោមការត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ គ្រាប់មីស៊ីលនេះត្រូវបានធ្វើតេស្ដនៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវាអាចរត់បានចំងាយ ៩៣៣គីឡូម៉ែត្រ ព្រមទាំងអាចហោះបានរយៈកម្ពស់ដល់ទៅ ២,៨០២គីឡូម៉ែត្រក្នុងរយៈពេល ៣៩នាទី មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។
ជុំវិញការអះអាងនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា «ដោយសម្អាងថា គ្រាប់មីស៊ីលនោះ ត្រូវបានបាញ់ចេញពីជើងទម្រនៅនឹងមួយកន្លែង ហើយបូករួមទាំងយើងមិនទាន់អាចបញ្ជាក់បានថា មីស៊ីលនោះបានហោះចូលទៅក្នុងបរិយាកាសវិញដែរ ឬក៏អត់នោះ ពួកយើងនៅតែមិនអាចសន្និដ្ឋានមួយរយភាគរយបានថា កូរ៉េខាងជើងពិតជាទទួលបានជោគជ័យ នៅក្នុងការអភិវឌ្ឍ ICBM របស់ខ្លួននោះទេ»។
ម៉្យាងវិញទៀត ក្រសួងខាងលើបានគូសបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានប្រើប្រាស់ជើងទម្រដែលមិនអាចចល័តបាន សម្រាប់ការធ្វើតេស្តមីស៊ីលថ្មីចុងក្រោយនេះ ដើម្បីជៀសវាងការធ្វើឲ្យខូចខាតដល់ជើងទម្រចល័តដូចកាលពីលើកមុន ហេតុដូច្នេះហើយការសាកល្បងនេះ ទំនងជាស្ថិតក្នុងដំណាក់កាលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍នៅឡើយទេ។ ជាមួយគ្នានេះកាលពីថ្ងៃអង្គារម្សិលមិញ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា មីស៊ីលរបស់កូរ៉េខាងជើង បានឈានដល់រយៈកម្ពស់តែ ៥៣៤គីឡូម៉ែត្រ ហើយរត់បានចម្ងាយ ៥០៨គីឡូម៉ែត្រប៉ុណ្ណោះ ហើយបើយោងតាមទិន្នន័យរបស់គ្រាប់មីស៊ីលនោះ វាគឺជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម។
យ៉ាងណាមិញ នាថ្ងៃពុធនេះទីក្រុងវ៉ាស៊ីនតោន ក៏បានចេញមុខទទួលស្គាល់ថា កូរ៉េខាងជើងពិតជាបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ប្រាកដមែន៕