(ឡុងដ៍)៖ អ្នកវិទ្យាសាស្រ្តដ៏ល្បីរបស់ចក្រភពអង់គ្លេសគឺ លោក ស្ទីវិន ហាឃីង (Stephen Hawking) បានលើកឡើងថា ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកប្រទេសមហាអំណាចពិភពលោកនេះ ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសនោះ អាចជាជំហានចាប់ផ្តើមនៃការឈានទៅរក បញ្ហាបម្រែបម្រួលអាកាសធាតុដ៏អាក្រក់ និងធ្ងន់ធ្ងរបំផុតមិនអាចត្រឡប់ក្រោយបាន ហើយនឹងប្រែក្លាយភពផែនដីរបស់យើង ឲ្យទៅដូចជាភពសុក្រ (Venus) ដ៏សែនក្តៅជាងគេបង្អស់ នៅក្នុងចំណោមភពទាំងប៉ុន្មាន ក្នុងប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
លោក Hawking ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺទូទាំងពិភពលោក ដោយសារតែទ្រឹស្តីស្តីពីប្រហោខ្មៅ (Black Holes) និងដើមកំណើតនៃចក្រវាឡដ៏ធំល្វឹងល្វើយនោះ បានធ្វើការគូសបញ្ជាក់ធ្ងន់ៗបែបនេះ នៅក្នុងអំឡុងការផ្តល់បទសម្ភាសន៍មួយ ជាមួយបណ្តាញសារព័ត៌មានអង់គ្លេស BBC ដើម្បីអបអរគម្រប់ខួប ៧៥ឆ្នាំរបស់លោក។ លោក Stephen Hawking បានថ្លែងប្រាប់ BBC News ថា «យើងកំពុងខិតជិតដល់ចំណុចមួយ ដែលបញ្ហាកើនឡើងកម្តៅពិភពលោកលែងអាចទប់ស្កាត់បានតទៅទៀតហើយ។ ទង្វើរបស់លោក ដូណាល់ ត្រាំ អាចរុញច្រានផែនដីឲ្យធ្លាក់ទៅក្នុងស្ថានភាព ដូចទៅនឹងភពសុក្រ ដែលមានសីតុណ្ហភាពប្រមាណ ៤៤០អង្សាសេ និងមានភ្លៀងធ្លាក់សុទ្ធតែជាអាស៊ីដស៊ុលផួរិចបាន»។
លោក Hawking បានបន្តថា «បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាគ្រោះថ្នាក់ដ៏ធំសម្បើមមួយដែលពួកយើងទាំងអស់គ្នា បាននិងកំពុងប្រឈម តែវាគឺជាគ្រោះថ្នាក់មួយដែលយើងអាចទប់ស្កាត់បាន ប្រសិនបើយើងរួមសាមគ្គីគ្នាចាត់វិធានលើបញ្ហានេះក្នុងពេលឥឡូវនេះ។ តាមរយៈការបដិសេធមិនទទួលស្គាល់ភស្តុតាងជាច្រើន បញ្ជាក់ពីការប្រែប្រួលនៃអាកាស និងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស លោក ដូណាល់ ត្រាំ នឹងបង្កការបំផ្លិចបំផ្លាញផ្នែកបរិស្ថាន ដែលពុំអាចជៀសវាងបាន ដល់ភពផែនដីដ៏ល្អបំព្រងរបស់យើង និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់យើងក៏ដូចជាកូនៗរបស់ពួកយើងផ្ទាល់»។
គួររំលឹកថា កាលពីដើមខែមិថុនាកន្លងទៅនេះ លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកបានសម្រេចចិត្តដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ ដែលជាកិច្ចព្រមអន្តរជាតិដ៏សំខាន់បំផុតមួយ ចុះហត្ថលេខាដោយភាគីចំនួន ១៩៥ប្រទេស ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែប្រមួលអាកាសធាតុ ដោយសារតែលោក ត្រាំ យល់ឃើញថា វាគ្មានប្រយោជន៍ឥតបានការ ប៉ុន្តែវាគឺជាការខាតបង់យ៉ាងធំធេងសម្រាប់ប្រទេសក៏ដូចជាប្រជាជនរបស់លោក។ យ៉ាងណាមិញការសម្រេចចិត្តនេះ បានបង្កជាការរិះគន់ធ្ងន់ៗពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក៕