(ម៉ានីល)៖ ក្រុមឧទ្ទាមដ៏មានឥទ្ធិពលនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកាត់ក្បាលជនជាតិវៀតណាមចំនួន០២នាក់ ក្រោយពីពួកគេត្រូវបានចាប់ជម្រិតនាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ហើយទង្វើដ៏ព្រៃផ្សៃនេះ ត្រូវបានធ្វើឡើងអំឡុងពេលដែលសង្គ្រាមរវាងកងទ័ពហ្វីលីពីន និងក្រុមឧទ្ទាមគាំទ្រ ISIS មានឈ្មោះថា Maute ដែលជាសម្ព័ន្ធរបស់ក្រុម អាប៊ូ សាយយ៉ាហ្វ បន្តផ្ទុះឡើងនៅទីក្រុង Marawi នៃខេត្តមីដាណាវ ដែលឈានចូលដល់រយៈពេលជាងមួយខែទៅហើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមប្រភពពីមន្ត្រីយោធាហ្វីលីពីនបានឲ្យដឹងទៀតថា កងកម្លាំងបានរកឃើញសាកសពរបស់ជនជាតិវៀតណាមទាំងពីរនាក់ នៅព្រឹកថ្ងៃពុធនេះតែម្តង ស្ថិតនៅលើកោះ Basilan ដែលជាតំបន់ឈរជើងដ៏រឹងមាំរបស់ក្រុម អាប៊ូ សាយយ៉ាហ្វ ស្ថិតនៅប្រជុំកោះភាគខាងត្បូងហ្វីលីពីន។ អ្នកនាំពាក្យយោធាហ្វីលីពីន លោក Jo-Ann Petinglay បានប្រាប់ AFP ថា «នេះជាចំណាត់ការដ៏ព្រៃផ្សៃរបស់ពួក អាប៊ូ សាយយ៉ាហ្វ ក្រោយពីដឹងថា ពួកគេមិនបានទទួលផលចំណេញអ្វីពីការចាប់ជម្រិតនេះ»។
គួរបញ្ជាក់ថា ជនជាតិវៀតណាមដែលត្រូវបានកាត់ក្បាលទាំងពីរនាក់ខាងលើនេះ ត្រូវបានចាប់ជម្រិតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងក្រុមរបស់ពួកគេ ០៤នាក់ផ្សេងទៀតពីលើទូកនេសាទដែលពួកគេជិះនៅក្បែរកោះមីនដាណាវ នៃភាគខាងត្បូងប្រទេសហ្វីលីពីន។ បន្ថែមពីនេះមានតែជនជាតិវៀតណាមម្នាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះឲ្យមានសេរីភាពវិញ ខណៈ០៣នាក់ទៀតនៅបន្តជាចំណាប់ខ្មាំងដដែល និង០២នាក់ទើបតែត្រូវបានរកឃើញសាកសពនាពេលនេះ។ បច្ចុប្បន្នក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ មានចំណាប់ខ្មាំង ២២នាក់នៅក្នុងដៃ ដោយក្នុងនោះ ១៦នាក់ជាជនបរទេស។
គួររំលឹកថា កាលពីខែកុម្ភៈកន្លងទៅនេះ ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Jurgen Kantner អាយុ ៧០ឆ្នាំ ត្រូវបានក្រុមឧទ្ទាមខាងលើនេះកាត់ក្បាល ក្រោយពីការទាមទារប្រាក់ជម្រិត ៦០០,០០០ដុល្លារមិនបានសម្រេច៕