(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រារព្ធពិធីបុណ្យឯករាជ្យជាតិ Independent Day ជាមួយនឹងការរៀបចំពិធីដ៏សប្បាយរីករាយតាម រយៈការប្រកួតប្រជែងញុំា hot-dog និងទស្សនាការបាញ់កាំជ្រួចចំរុះពណ៌នៅទូទំាងរដ្ឋទាំង៥០តែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
Independent Day ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៤ ខែកក្កដា ដោយមានការរៀបចំពិធីដ៏សប្បាយរីករាយ តាមរយៈការប្រកួតប្រជែងញុំា hot-dog និងទស្សនាការបាញ់កាំជ្រួច ចំរុះពណ៌នៅទូទំាងប្រទេស។ ប៉ុន្តែទន្ទឹមនឹងភាពសប្បាយរីករាយនេះ នៅឯកូរ៉េខាងជើងវិញ ក៏មានការបាញ់កាំជ្រួចដែរ នោះគឺកាំជ្រួចផ្លោងឆ្លងទ្វីប ICBM ដែលបាននិងកំពុងធ្វើឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្វះស្វែងរកវិធានការឆ្លើយតប និងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ ដើម្បីឆ្លើយតបនឹងទង្វើផ្គើនរំលោភលើដំណោះស្រាយ UN ម្ដងហើយម្ដងទៀតរបស់កូរ៉េខាងជើង។
ងាកមកពិធីបុណ្យឯករាជ្យអាមេរិកក្នុងឆ្នាំនេះវិញ គឺបានប្រព្រឹត្តទៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង តាមបណ្តារដ្ឋ និងទីក្រុងមួយចំនួនដូចជា Boston, New York, Philadelphia និង Washington សំដៅទប់ស្កាត់ការវាយប្រហារភេរវកម្ម នៅអំឡុងពេលមនុស្សម្នានំាគ្នាទស្សនាការបាញ់កាំជ្រួច ហើយដែលពិធីបុណ្យនេះបានដំណើរការ ទៅដោយគ្មានបញ្ហាអ្វីធំដុំកើតឡើងនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែប្រារព្ធពិធីបុណ្យជាតិ Independent Day ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៤ ខែកក្កដា រំលឹកដល់ការទទួលឯករាជ្យទាំងស្រុងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦ ពីចក្រភពអង់គ្លេស៕