(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃ កំពុងរៀបចំគម្រោងលើកកម្ពស់ផលិតផលផ្លែឈើរបស់ខ្លួនថែមទៀត ដើម្បីឆ្លៀតឱកាសទាញយកផលប្រយោជន៍ ពីការរីកធំធាត់ឡើងនៃទំហំទីផ្សារនាំចេញផ្លែឈើទៅក្រៅប្រទេស ដែលបង្កើនចំណូលបានមិនក្រោម ១០០ពាន់លានបាត ឬស្មើនឹង ២.៩៤ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសអំពីគោលនយោបាយថ្មី ដើម្បីជួយរុញច្រានប្រទេសថៃ ឲ្យក្លាយជា «មហាអំណាចនៃផល្លានុផលនៅលើពិភពលោក» ដោយសម្អាងថា ប្រទេសរបស់លោកមានសក្តានុពលខ្លាំងគ្រប់គ្រាន់ ព្រោះប្រទេសអាស៊ានមួយនេះ បាននិងកំពុងដាំដុះដំណាំផ្លែឈើ ប្រកបដោយគុណភាពខ្ពស់ និងសម្បូរបែប ដែលតបតាមតម្រូវការពីអន្តរជាតិ។
អនុរដ្ឋមន្រ្តីពាណិជ្ជកម្មថៃ លោក Sonirat Sontijirawong បានឲ្យដឹងថា ក្រសួងបានសម្រេចរួមសហការជាមួយបណ្តាទីភ្នាក់ងារ និងក្រុមហ៊ុនផ្តល់ប្រឹក្សាផ្សេងៗ ដើម្បីបង្កើតក្បួនយុទ្ធសាស្រ្តមួយ ដែលនឹងជួយលើកស្ទួយលំនាំចេញនៃផល្លានុផលល្បីៗរួមមាន ធុរេន មៀន មង្ឃុត ដូង និងឡុំកុំ ជាដើម។ ការវាយតម្លៃទៅលើផែនការនេះ គ្រោងនឹងបញ្ចប់រួចរាល់នៅក្នុងរយៈពេលពីរខែ។
គម្រោងក្នុងការលើកមុខមាត់ផល្លានុផលថៃនេះ ត្រូវបានរចនាឡើងមិនត្រឹមដើម្បីឆ្លៀតយកចំណេញ ពីតម្រូវការនាំចេញដែលកំពុងរីកលូតលាស់ខ្លាំងនោះឡើយ តែក៏ដើម្បីស្វែងរកមើលទីផ្សារនាំចេញបន្ថែមទៀត ស្របពេលដែលបរិមាណនៃការផ្គត់ផ្គង់ផ្លែឈើ នៅក្នុងស្រុកមានការកើនឡើងយ៉ាងឆាប់រហ័សផងដែរនោះ។ ការកើនឡើងបែបនេះត្រូវគេរំពឹងថា បណ្តាលមកពីប្រជាជនកសិករថៃបច្ចុប្បន្ន បានងាកមកធ្វើការដាំដុះដំណាំហូបផ្លែវិញ។
គួរបញ្ជាក់ថា យោងតាមប្រធានសហគមន៍អ្នកនាំចេញផល្លានុផលថៃ ទំហំនៃការនាំចេញផលិតផលផ្លៃឈើប្រចាំឆ្នាំរបស់ថៃ មានតម្លៃរហូតដល់ ១០០ពាន់លានបាតឯណោះ ហើយចំនួននេះបានបន្តកើនឡើងក្នុងអត្រា ៣០ភាគរយជារៀងរាល់ឆ្នាំ ក្នុងអំឡុង០៥ឆ្នាំចុងក្រោយនេះ។ ដោយឡែកអ្នកនាំចូលផ្លែឈើថៃដ៏ធំជាងគេវិញនោះគឺជាប្រទេសចិន ដែលបានចូលរួមចំណែកដល់៧០ភាគ នៃបរិមាណផ្លែឈើនាំចេញសរុបពីប្រទេសថៃ ខណៈហុងកុងទទួលបន្ទុក ២០ភាគរយ និងឥណ្ឌូណេស៊ីចូលរួម ០៦ភាគរយ។ រីឯប្រជាជាតិដទៃទៀតដែលធើ្វការនាំចូលផលិតផលផ្លែឈើថៃដែរនោះ រួមមានកោះតៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង និងវៀតណាម៕