(ប៊ែរឡាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារ (ម៉ោងនៅអាល្លឺម៉ង់) បានជួបពិភាក្សាការងារជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល នាឱកាសបំពេញ ដំណើរទស្សនកិច្ចដើម្បីត្រៀមចូលរួមកិច្ចប្រជុំ G20 នៅក្នុងសប្ដាហ៍នេះ។ ព្រមពេលជាមួយគ្នា ប្រធានាធិបតីចិនរូបនេះក៏បាននិយាយដែរថា ប្រទេសរបស់លោកគាំទ្រដល់ការរួបរួមគ្នា ស្ថេរភាព ការរីកចំរើន និងការបើកចំហរបស់សហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងក្នុងជំនួបជាមួយលោកស្រី មឺគែល លោក ស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិន និងសហភាពអឺរ៉ុប គឺជាមហាអំណាច និងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដូច្នេះភាពស្មុគស្មាញនៃស្ថានភាពពិភពលោកបច្ចុប្បន្ន នឹងមានតែធ្វើឱ្យទំនាក់ទំនងចិន-សហភាពអឺរ៉ុបកាន់តែរឹងមាំ និងមានស្ថេរភាព... ជាងនេះទៅទៀតទីក្រុងប៉េកាំងសង្ឃឹមថា ចិន និងអាល្លឺម៉ង់ អាចនឹងដើរតួនាទីក្នុងនាមជាមេដឹកនាំ និងជាអ្នករក្សាស្ថេរភាពដើម្បីរក្សាការអភិវឌ្ឍទំនាក់ទំនងកម្រិតខ្ពស់រវាងចិន និងសហភាពអឺរ៉ុប»។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានទៅដល់ទីក្រុងប៊ែរឡាំងកាលពីថ្ងៃអង្គារ សម្រាប់ទិសដៅនៃដំណើរទស្សនកិច្ចជាលើកទី០២ នៅអាល្លឺម៉ង់ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅរុស្ស៊ី ហើយលោកនឹងត្រូវចូលរួមកិច្ចប្រជុំកំពូលប្រទេស និងតំបន់សេដ្ឋកិច្ចកំពូលលើលោក «G20» នៅទីក្រុង Hamberg ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី០៧ និងថ្ងៃទី០៨ ខែកក្កដានេះ ចំពោះមុខការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្លា និងគំរោងរៀបចំក្បួនតវ៉ាប្រឆាំង ពីសំណាក់ប្រជាជនអាល្លឺម៉ង់ជាច្រើននាក់ផងដែរ៕