(សេអ៊ូល)៖ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានធ្វើសមយុទ្ធយោធារួមគ្នា ដែលក្នុងគ្រានោះសម្ព័ន្ធមិត្តទាំងពីរ បានបាញ់មីស៊ីលទៅទៅកាន់ដែនទឹករបស់កូរ៉េខាងត្បូង ស្ថិតក្នុងសមុទ្រជប៉ុន ដើម្បីជាការឆ្លើយតបចំពោះការធ្វើតេស្តមីស៊ីលផ្លោង ថ្មីចុងក្រោយបំផុតរបស់កូរ៉េខាងជើង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងអាមេរិក-កូរ៉េខាងត្បូង (USFK) ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពអាមេរិក និងសាធារណរដ្ឋកូរ៉េបានប្រារព្ធព្រឹត្តការណ៍រួមគ្នាមួយ ស្តីពីការហ្វឹកហាត់ប្រើប្រាស់សព្វាវុធ ដើម្បីទប់ទល់នឹងសកម្មភាពបង្កអស្ថិរភាព និងខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី០៤ ខែកក្កដា ម្សិលមិញនេះ។ ក្នុងឱកាសនៃការធ្វើសមយុទ្ធនេះ មានការសាកល្បងប្រព័ន្ធមីស៊ីលយុទ្ធសាស្រ្ត ATACM របស់អាមេរិក និងប្រព័ន្ធ Hyunmoo Missile II របស់សាធារណរដ្ឋកូរ៉េ ដែលបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ ទៅកាន់ដែនទឹករបស់កូរ៉េខាងត្បូង នៅតាមបណ្តោយឆ្នេរខាងកើត»។
ប្រទេសកូរ៉េខាងជើង បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់ធ្វើតេស្តគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM មានឈ្មោះថា Hwasong-14 ជាលើកដំបូងរបស់ខ្លួន ប្រកបដោយជោគជ័យ។ ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ទៀតថា មីស៊ីលនោះធ្វើដំណើរបានចម្ងាយ ៩៣៣គីឡូម៉ែត្រ និងបានហោះឡើងដល់ក្នុងរយៈកម្ពស់ ២,៨០០គីឡូម៉ែត្រ ក្នុងអំឡុងការហោះហើររយៈពេល៣៩នាទីរបស់វា នៅមុនពេលបានវាយប្រហារចំគោលដៅ ១០០ភាគរយនៅលើសមុទ្រជប៉ុន។
ជុំវិញការអះអាងនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានចេញមុខទទួលស្គាល់ផងដែរថា វាគឺជាការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប ICBM ជាលើកដំបូង របស់កូរ៉េខាងជើង។ បន្ថែមពីនោះចិនដែលជាសម្ព័ន្ធមិត្តទីក្រុងព្យុងយ៉ាង ក៏បានថ្កោលទោសផងដែរចំពោះសកម្មភាពកូរ៉េខាងជើង ប៉ុន្តែខ្លួនបែរជាអំពាវនាវឲ្យគ្រប់គ្នារក្សាការអត់ធ្មត់ ដើម្បីកុំឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែយ៉ាប់យ៉ឺនជាងនេះ៕