(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានទទួលស្គាល់ហើយថា កូរ៉េខាងជើង ពិតជាបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ប្រាកដមែន ខណៈក្រុមមន្ត្រីអាមេរិកខ្លះជឿជាក់ថា ចាប់ពី ពេលនេះតទៅទីក្រុងព្យុងយ៉ាង អាចនឹងមានលទ្ធភាពបាញ់ផ្លោងមីស៊ីលប្រភេទនេះដល់រដ្ឋ Alaska ភាគពាយ័ព្យសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារម្សិលមិញ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបាញ់សាកល្បងប្រកបដោយជោគជ័យ នូវមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-14 ក្រោមការត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ គ្រាប់មីស៊ីលនេះត្រូវបានធ្វើតេស្ដនៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវាអាចរត់បានចំងាយ ៩៣៣គីឡូម៉ែត្រ ព្រមទាំងអាចហោះបានរយៈកម្ពស់ដល់ទៅ ២,៨០២គីឡូម៉ែត្រ ក្នុងរយៈពេល ៣៩នាទី មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។
ភ្លាមៗបន្ទាប់ពីចាប់បានសញ្ញានៃការបាញ់នោះ សហរដ្ឋអាមេរិក និងរុស្ស៊ីមិនបានទទួលស្គាល់ការអះអាងនេះឡើយ ដោយថែមទាំងបញ្ជាក់ទៀតថា មីស៊ីលនោះគ្រាន់តែជាមីស៊ីលផ្លោងរយៈចំងាយមធ្យមប៉ុណ្ណោះ។ ដោយ ឡែកនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានទទួលស្គាល់ហើយថា កូរ៉េខាងជើងពិតជាបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ប្រាកដមែន ព្រមទាំងបានថ្កោលទោសក៏ដូចជាហៅទង្វើនេះថា គឺជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងពិភពលោកទំាងមូល ហើយទីក្រុងវ៉ាស៊ីនតោនគ្មានថ្ងៃទទួលស្គាល់ អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងជាដាច់ខាត...។
គួរបញ្ជាក់ថា ដើម្បីជាការឆ្លើយតបចំពោះការធ្វើតេស្តមីស៊ីលផ្លោងថ្មីចុងក្រោយបំផុត របស់កូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលនៅថ្ងៃពុធនេះ បានធ្វើសមយុទ្ធយោធារួមគ្នាសំញែងសាច់ដុំដាក់ ទីក្រុងព្យុងយ៉ាង ហើយដែលនេះគឺជាការទាត់ចោលដោយប្រយោល នូវសំណើពីភាគីរុស្ស៊ី និងចិន ដែលស្នើឱ្យបញ្ឈប់ការធ្វើសមយុទ្ធយោធានៅឧបទ្វីបកូរ៉េ៕