(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដាក់សំណើដល់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ឲ្យមានការកោះប្រជុំជាបន្ទាន់មួយ ដើម្បីជជែកពិភាក្សាលើប្រធានបទយ៉ាងក្តៅគគុកនោះគឺ ការបាញ់សាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ ហើយកិច្ចប្រជុំនេះ ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនារសៀលថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមសម្តីរបស់មន្រ្តី UN ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
ប្រទេសកូរ៉េខាងជើង បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់តេស្តគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM មានឈ្មោះថា Hwasong-14 ជាលើកដំបូងរបស់ខ្លួន ប្រកបដោយជោគជ័យ។ ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ទៀតថា មីស៊ីលនោះធ្វើដំណើរបានចម្ងាយ ៩៣៣គីឡូម៉ែត្រ និងបានហោះឡើងដល់ក្នុងរយៈកម្ពស់ ២,៨០០គីឡូម៉ែត្រ ក្នុងអំឡុងការហោះហើររយៈពេល ៣៩នាទីរបស់វា នៅមុនពេលបានវាយប្រហារចំគោលដៅ ១០០ភាគរយនៅលើសមុទ្រជប៉ុន។
ជុំវិញការអះអាងនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានចេញមុខទទួលស្គាល់ផងដែរថា វាគឺជាការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប ICBM ជាលើកដំបូង របស់កូរ៉េខាងជើង។ បន្ថែមពីនោះចិនដែលជាសម្ព័ន្ធមិត្តទីក្រុងព្យុងយ៉ាង ក៏បានថ្កោលទោសផងដែរចំពោះសកម្មភាពកូរ៉េខាងជើង ប៉ុន្តែខ្លួនបែរជាអំពាវនាវឲ្យគ្រប់គ្នារក្សាការអត់ធ្មត់ ដើម្បីកុំឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែយ៉ាប់យ៉ឺនជាងនេះ៕