(មូស្គូ)៖ រុស្ស៊ី និងចិន នៅថ្ងៃអង្គារនេះ បានបញេ្ចញសំឡេងតែមួយ តាមរយៈសេចក្ដីថ្លែងការណ៍រួម ដោយស្នើឱ្យកូរ៉េខាងជើង ផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធ នុយក្លេអ៊ែរ ព្រមទាំងបានចាត់ទុកថា ការបាញ់សាកល្បង មីស៊ីលពីសំណាក់ទីក្រុងព្យុងយ៉ាងនៅព្រឹកមិញនេះ គឺជារឿងមិនអាចទទួលយកបាន។ ប៉ុន្តែទន្ទឹមគ្នា ខ្នងបង្អែកដ៏ធំទាំងពីររបស់របបដឹកនាំ លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ជៀសការធ្វើសមយុទ្ធយោធាផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
សំណើរបស់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ធ្វើឡើងនាឱកាសនៃជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជិនពីង ក្នុងទីក្រុងមូស្គូ។ ជាមួយគ្នានោះដែរ ក្រសួងការបរទេស នៃប្រទេសទំាងពីរបានចេញសេចក្ដីថ្លែងការណ៍រួមមួយមានខ្លឹមសារដូច្នេះថា៖ «ភាគីចិន-រុស្ស៊ី ស្នើឱ្យកូរ៉េខាងជើង ផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ ចំណែកឯ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ត្រូវបញ្ជៀសការធ្វើសមយុទ្ធយោធាផងដែរ ហើយម្យ៉ាងវិញទៀត កិច្ចចរចាដោះស្រាយបញ្ហាត្រូវចាប់ផ្ដើមធ្វើឡើង ផ្អែកលើគោលការណ៍ផលប្រយោជន៍ រួម មិនប្រើប្រាស់កម្លាំងយោធា និងបង្ហាញពីឆន្ទៈពិតប្រាកដក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា បើតាមស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-14 ក្រោមការត្រួតពិនិត្យ ដោយផ្ទាល់ពីសំណាក់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន។ គ្រាប់មីស៊ីលនេះត្រូវបានធ្វើតេស្ដ នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវាអាចរត់បានចំងាយ ៩៣៣ គីឡូម៉ែត្រ ព្រមទាំងអាចហោះបានរយៈកម្ពស់ដល់ទៅ ២៨០២គីឡូម៉ែត្រ ក្នុងរយៈពេល៣៩នាទី មុននឹងធ្លាក់ចូលសមុទ្រ ខាងកើត ឬសមុទ្រជប៉ុន៕