(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នាថ្ងៃអង្គារនេះបានបង្ហាញក្តីសង្ឃឹមរបស់លោកថា ប្រទេសកូរ៉េខាងជើងនឹងមិនឈានជើងដើរឆ្លងកាត់ស្ពាន ដែលមិនអាចត្រឡប់បកក្រោយវិញបាននោះឡើយ បន្ទាប់ពីរបបដឹកនាំទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលផ្លោងប្រភេទថ្មីមួយផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមវិមានប្រធានាធីបតីកូរ៉េខាងត្បូង Blue House លោក មូន ជែអ៊ីន បានធ្វើការលើកឡើងបែបនេះ នៅក្នុងអំឡុងកិច្ចជួបពិភាក្សាគ្នាជាមួយ អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក David Cameron។ បន្ថែមពីនេះមេដឹកនាំកូរ៉េខាងត្បូង ដែលទើបតែបានឡើងកាន់តំណែងកាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅថ្មីៗ បានឲ្យដឹងទៀតថា រូបលោកមិនប្រាកដឡើយថា ប្រទេសរបស់លោកក៏ដូចជាសហរដ្ឋអាមេរិក នឹងមានប្រតិកម្មយ៉ាងណានោះ នៅក្នុងករណីដែលកូរ៉េខាងជើង បានសម្រេចបោះជំហានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហាមឃាត់ ហើយពុំធ្វើការឆ្លើយដោយអវិជ្ជមាន ចំពោះសំណើនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េក្នុងន័យសន្តិភាព ដែលត្រូវបានឯកភាពគ្នាដោយលោក មូន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះ។
យោងតាមប្រភពពីយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងមួយគ្រាប់ ទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុនចេញពីតំបន់មួយក្បែរទីក្រុង Banghyeon នៃខេត្ត North Pyongan ដែលស្ថិតក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសកូរ៉េខាងជើង កាលពីវេលាម៉ោង៩៖៤០នាព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងទីក្រុងសេអ៊ូល)។ ក្រោយមកទីក្រុងព្យុងយ៉ាងក៏បានចេញមុខ ប្រកាសអំពីជោគជ័យថ្មីមួយទៀតរបស់ខ្លួននៃការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM។ បើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មីស៊ីលនោះធ្វើដំណើរបានចម្ងាយ ៩៣៣គីឡូម៉ែត្រ ក្នុងរយៈកម្ពស់២,៨០២គីឡូម៉ែត្រ សម្រាប់រយៈពេល៣៩នាទី ហើយវាយប្រហារចំគោលដៅ នៅឯសមុទ្រខាងកើត៕