(បាងកក)៖ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) របស់ប្រទេសថៃ បានសម្រេចនាថ្ងៃអង្គារនេះថា នឹងទុករយៈពេលឲ្យចំនួន០៦ខែទៀត ក្នុងការរឹតបន្តឹងច្បាប់ហាមឃាត់ ជុំវិញបញ្ហាពលករចំណាកស្រុក មកពីបណ្តាប្រទេសជិតខាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រុមប្រឹក្សា NCPO លោក Winthai Suvaree បានឲ្យដឹងថា NCPO បានសម្រេចធ្វើការពន្យាពេល ចំពោះការរឹតបន្តឹងអនុក្រឹត្យរបស់រដ្ឋាភិបាលយោធា ដែលត្រូវបានធ្វើឡើងជាចម្បងដើម្បីដោះស្រាយ ក៏ដូចជាទប់ទល់បញ្ហាពលករចំណាកស្រុក និងចូលមកធ្វើការដោយខុសច្បាប់នៅក្នុងព្រះរាជាណាចក្រថៃ។ ការរឹតបន្តឹងច្បាប់ហាមឃាត់នេះ ដែលដំបូងឡើយត្រូវបានគ្រោងនឹងចូលជាធរមាន ចាប់ពីថ្ងៃទី២៣ ខែមិថុនាតទៅនោះ បច្ចុប្បន្នកំពុងស្ថិតក្នុងការពន្យាពេលរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។
នៅក្រោមច្បាប់ខាងលើ ការផាកពិន័យមានការកើនឡើងខ្ពស់ជាងមុនសម្រាប់ ជនល្មើសទាំងឡាយណា រួមមានទាំងពលករចំណាកស្រុក ដែលបានចូលមកក្នុងប្រទេសថៃដោយខុសច្បាប់ ឬពុំមានលិខិតឆ្លងដែន ឬក៏គ្មានប័ណ្ណការងារត្រឹមត្រូវ ក៏ដូចជានយោជន ដែលជួលពលករចំណាកស្រុកខុសច្បាប់ទាំងនោះឲ្យបម្រើការងារ ឬមួយក៏មិនបានជូនជាដំណឹងដល់អាជ្ញាធរ។ ប្រសិនបើត្រូវរកឃើញថា ពិតជាមានទោសត្រូវទទួលការចោទប្រកាន់ប្រាកដមែននោះ ពលករទាំងនោះនឹងត្រូវបញ្ចូនទៅកាន់ប្រទេសកំណើតវិញភ្លាមៗ ខណៈចៅហ្វាយដែលជួលពួកគេ នឹងត្រូវប្រឈមមុខជាមួយការបង់ប្រាក់ពិន័យច្រើនបំផុត ៨០០,០០០បាត ឬស្មើនឹង២២,៨៥៧ដុល្លារអាមេរិក នៅក្រោមច្បាប់ថ្មីនេះ៕