(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញមុខថ្កោលទោសកូរ៉េខាងជើង អះអាងពីភាពជោគជ័យ នៃការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូងនៅប៉ុន្មានម៉ោងមុននេះ ព្រមទំាងចាត់ទុកថា វាគឺជាទង្វើរំលោភដំណោះស្រាយអង្គការសហប្រជាជាតិ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក Geng Shuang ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
នៅថ្ងៃអង្គារនេះតែម្ដង កូរ៉េខាងជើងបានធ្វើឱ្យពិភពលោក ជាពិសេសកូរ៉េខាងត្បូងស្រឡំាងកំាងជាថ្មីម្ដងទៀត ក្រោយស្ថានីយ៍ទូរទស្សន៍រដ្ឋ KCNA បានប្រកាសថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដសាកល្បងដោយជោគជ័យ នូវមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-14។ KCNA នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនបានគូសបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងជើងបានបាញ់សាកល្បងប្រកប ដោយជោគជ័យនូវមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-14 ក្រោមការត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន... គ្រាប់មីស៊ីលនេះ បានត្រូវចេញនៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវាអាចរត់បានចំងាយ ៩៣៣ គីឡូម៉ែត្រ ព្រមទាំងអាចហោះបានរយៈកម្ពស់ ដល់ទៅ ២,៨០២គីឡូម៉ែត្រ ក្នុងរយៈពេល៣៩នាទី មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន»។
ចំណែកឯយោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថា មីស៊ីល Hwasong-14 នេះ អាចហោះបានរយៈកម្ពស់ ២,៣០០គីឡូម៉ែត្រ តែបើគេបាញ់វាចេញពីមុំស្ដង់ដារ នោះវាអាចហោះបានរយៈកម្ពស់ ៦,០០០គីឡូម៉ែត្រ ឯណោះ។ ទោះបីជាយ៉ាងណានៅមុនការអះអាងនេះ សហរដ្ឋអាមេរិកបានសន្និដា្ឋនថា មីស៊ីលនេះគ្រាន់តែជាគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមប៉ុណ្ណោះ ហើយក៏មិនអាចគំរាមអ្វីដល់សន្តិសុខជាតិអាមេរិកដែរ។
ដោយឡែកពាក់ព័ន្ធនឹងជោគជ័យនេះដែរ មិនបានធ្វើឱ្យចិនចេញមុខសាទរសម្ព័ន្ធមិត្តចាស់វស្សារបស់ខ្លួននោះទេ ផ្ទុយទៅវិញរដ្ឋាភិបាលទីក្រុងប៉េកំាង តាមរយៈអ្នកនំាពាក្យក្រសួងការបរទេស លោក Geng Shuang បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលនេះ ដោយចាត់ទុកថា វាជាទង្វើរំលោភលើដំណោះស្រាយអង្គការសហប្រជាជាតិ តែព្រមពេលជាមួយគ្នាចិន នៅតែអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ស្ថិតនៅចំងាយប្រមាណជា ៩,០០០គីឡូម៉ែត្រពីកូរ៉េខាងជើង ចំណែឯមីស៊ីលផ្លោង ICBM ជាមធ្យមអាចបាញ់បានចំងាយ ៥,៥០០គីឡូមែត្រ ប៉ុន្តែគ្រាប់មីស៊ីលប្រភេទនេះ ខ្លះអាចបាញ់បានចំងាយ ១០,០០០គីឡូម៉ែត្រ ឬឆ្ងាយជាងនេះ។ ជាងនេះទៅទៀត បើតាមក្រុមអ្នកជំនាញ កូរ៉េខាងជើងអាចនឹងផលិតបានមីស៊ីលឆ្លងទ្វីប ICBM បាញ់ដល់ទ្វីបអាមេរិកយ៉ាងយូរ នៅឆ្នាំ២០២០៕