(ហាណូយ)៖ រដ្ឋធានីហាណូយនៃប្រទេសវៀតណាមនាថ្ងៃអង្គារនេះ បានចេញសេចក្តីសម្រេចថា នឹងដាក់បំរាមហាមឃាត់លែងឲ្យមានការចរាចរណ៍ទោចក្រយានយន្ត (ម៉ូតូ) នៅតាមដងផ្លូវក្នុងទីក្រុងតទៀតហើយ គិតចាប់ពីឆ្នាំ២០៣០ខាងមុខទៅ។ នេះបើតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាម VnExpress ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
យោងទៅតាមសេចក្តីសម្រេចស្តីពីការពង្រឹងការគ្រប់គ្រង មធ្យោយបាយធ្វើគមនាគមន៍នៅទីក្រុងហាណូយ ក្នុងអំឡុងឆ្នាំ២០១៧-២០៣០ ដែលទទួលបានការឯកភាពពីគណៈកម្មការរដ្ឋបាលក្រុងនាថ្ងៃអង្គារនេះ គ្មានទោចក្រយានយន្តណាមួយ នឹងត្រូវអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅតាមសង្កាត់ប្រជុំជន នៃទីក្រុងហាណូយតទៀតឡើយ គិតចាប់ពីឆ្នាំ២០៣០ទៅ។
ដោយឡែកនាពេលអនាគតទៅមុខទៀត រថយន្តទាំងអស់អាចនឹងត្រូវហាមឃាត់មិនឲ្យចរាចរណ៍ នៅតាមតំបន់មួយចំនួន ឬមួយក៏អនុញ្ញាតឲ្យធ្វើដំណើរតែនៅក្នុងអំឡុងម៉ោង ឬថ្ងៃកំណត់ច្បាស់លាស់ណាមួយប៉ុណ្ណោះ។ ម៉្យាងវិញទៀតអាជ្ញាធរទីក្រុង ក៏នឹងរឹតបន្តឹងការគ្រប់គ្រងសេវារត់តាក់ស៊ី និងធ្វើការអភិវឌ្ឍប្រព័ន្ធគមនាគមន៍សាធារណៈផងដែរ។
គួរបញ្ជាក់ថា បើតាមទិន្នន័យពីមន្ទីរដឹកជញ្ជូននៃទីក្រុងហាណូយ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០១៦ ទីក្រុងនេះ ជាមួយនិងចំនួនប្រជាជនសរុបប្រមាណ ៧.៦លាននាក់ មានម៉ូតូដល់ទៅជាង០៥លានគ្រឿង៕