(បាងកក)៖ មនុស្សចំនួន១១នាក់នៅខេត្ត Phichit ភាគកណ្តាលប្រទេសថៃ ត្រូវគេបញ្ជាក់អះអាងថា ពិតជាបានឆ្លងវីរុស Zika ដែលបានវាយប្រហារមកលើតំបន់អាស៊ីអាគ្នេយ៍យ៉ាងកក្រើក កាលអំឡុងចុងឆ្នាំ២០១៦ ខណៈមនុស្ស២៧នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការតាមដាន និងត្រួតពិនិត្យថា តើមានការឆ្លងវីរុសនេះដែរ ឬយ៉ាងណា។ នេះបើតាមការឲ្យដឹងពីអភិបាលខេត្ត Phichit លោក Wirasak Wichisaengsi ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
លោក Wirasak បានឲ្យដឹងថា លទ្ធផលធ្វើតេស្តពីមន្ទីរពិសោធន៍ បានបញ្ជាក់ឲ្យឃើញថាមានអ្នកឆ្លងវីរុស Zika ចំនួន១១នាក់ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ហើយពួកគេទាំងអស់កំពុងស្ថិតក្រោមការមើលថែទាំព្យាបាល។ ជាមួយគ្នានេះមន្រ្តីសុខាភិបាលថៃ បានបញ្ជូនក្រុមការងារពិសេស ឲ្យទៅកម្ចាត់សត្វមូសចង្រៃនៅក្នុងតំបន់នោះ ដើម្បីទប់ស្កាត់កុំឲ្យវីរុសដែលមានសត្វមូសជាភ្នាក់ងារចម្លងនេះ បន្តរីករាតត្បាតកាន់តែខ្លាំងបាន។
យ៉ាងណាមិញ លោក Wirasak បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភច្រើនថ្វី ដោយសម្អាងថា ករណីឆ្លងវីរុស Zika នេះ ធ្លាប់បានកើតមាននៅតាមបណ្តាខេត្ត និងក្រុងមួយចំនួនកាលពីមុនមកនោះ ហើយលោកអភិបាលខេត្តក៏ បានស្នើឲ្យអ្នកទាំងឡាយណា ដែលមានអការៈគ្រុនក្តៅខ្លាំង ឬអការៈស្រដៀងៗគ្នានេះ ឲ្យទៅធ្វើតេស្តឈាមនៅឯមន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ថា Zika គឺជាវីរុសដែលឆ្លងតាមប្រភេទសត្វមូស Aedes Aegypti ដែលអាចបង្កឲ្យស្រ្តីមានផ្ទៃពោះផ្តល់កំណើតដល់ទារកមានភាពខុសប្រក្រតី ដូចជាមានក្បាលតូចខុសពីធម្មតាជាដើម៕
ផ្ទុះករណីឆ្លងវីរុស Zika ចំនួន១១នាក់នៅភាគកណ្តាលប្រទេសថៃ ខណៈ២៧នាក់ទៀត កំពុងស្ថិតនៅក្នុងការធ្វើតេស្ត!