(ប៊ែរឡាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ប្រទេសរបស់លោកសង្ឃឹមថាបណ្ដាប្រទេសសេដ្ឋកិច្ចរីកចំរើនទំាង២០ ឬ G20 នឹងបន្តកិច្ចខិតខំប្រឹងប្រែងកសាងសេដ្ឋកិច្ចពិភពលោកដោយបើកចំហ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក ស៊ី ត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ មុននឹងលោកត្រូវចូលរួមកិច្ចប្រជុំ G20 នៅប្រទេសអាល្លឺម៉ង់។ ដោយឡែកនៅអំឡុងពេលបំពេញ ដំណើរទស្សនកិច្ចនៅរុស្ស៊ីកាលពីថ្ងៃចន្ទ ប្រធានាធិបតីចិនក៏បានបញ្ជាក់ដែរថា កិច្ចប្រជុំ G20 គឺជាវេទិកាអន្តរជាតិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់ ដែលអាចជួយសម្រេចបានការព្រមព្រៀងគ្នាមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។
គួបញ្ជាក់ថា កិច្ចប្រជុំ G20 នឹងត្រូវប្រព្រឹត្តទៅនៅឯទីក្រុង Hamberg ប្រទេសអាល្លឺម៉ង់ ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែកក្កដានេះ ដោយក្នុងនោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏នឹងមានវត្តមានចូលរួមផងដែរ៕