(សេអ៊ូល)៖ ទីបំផុតប្រទេសកូរ៉េខាងជើងបានប្រកាសជាផ្លូវការហើយ នូវភាពជោគជ័យរបស់ខ្លួនក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM នៅព្រឹកថ្ងៃអង្គារនេះ ដែលដូចជាក្រុមអ្នកជំនាញអន្តរជាតិ បានអះអាងពីដំបូង ព្រោះវាជាគ្រាប់មីស៊ីលដែលកូរ៉េខាងជើង បាននិងកំពុងព្យាយាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងថែមទាំងបានអួតអាងកាលពីពេលថ្មីៗនេះទៀតថា វាអាចបាញ់ដល់គ្រប់ទិសទីទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នារសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
ទោះបីជាកូរ៉េខាងជើងអះអាងថា ជាគ្រាប់មីស៊ីលជាប្រភេទ ICBM ក្តី ក៏សហរដ្ឋអាមេរិកអះអាងថា វាគ្រាន់តែជាមីស៊ីលប្រភេទរយៈចម្ងាយមធ្យមប៉ុណ្ណោះ ដោយវាត្រូវបានបាញ់ និងហោះបានរយៈពេល ៣៧នាទី មុនធ្លាក់ចូលក្នុងសមុទ្រជប៉ុន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បង នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន៕