(ញូយ៉ក)៖ អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Liu Jieyi បានព្រមានថា ពិភពលោកអាចនឹងជួបគ្រោះមហន្តរាយ បើសិនជាមហាអំណាចទំាងអស់ មិនអាចស្វែងរកមធ្យោយបាយបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើងទេនោះ ដោយលោកផ្ទាល់យល់ថា វិបត្តិនៅឧទ្វីបកូរ៉េបច្ចុប្បន្នអាចនឹងស្ថិតក្រៅការគ្រប់គ្រង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដកស្រង់ដោយ Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះ របស់ លោក Liu Jieyi កើតមានឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង បានពិភាក្សាគ្នាតាមទូរស័ព្ទ ទាក់ទិននឹងការគំរាមកំហែងពីសំណាក់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលទើបតែបានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ រត់បានចំងាយ៩៣០គីឡូម៉ែត្រ នៅព្រឹកថ្ងៃអង្គារនេះចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង មុននឹងធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន នៅសមុទ្រខាងកើត។
ជុំវិញបញ្ហានេះ លោក Liu Jieyi បានគូសបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង ញូយ៉ក យ៉ាងដូច្នេះថា «សព្វថ្ងៃ! ស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែតានតឹងឡើងពីថ្ងៃទៅមួយថ្ងៃ ហើយយើងពិតជាចង់ឃើញវាធូរស្រាលឡើងវិញ... តែបើសិនជាស្ថានភាពនៅតែតានតឹង នោះមិនយូរមិនឆាប់វានឹងស្ថិតនៅក្រៅការគ្រប់គ្រង ដែលនេះអាចនឹងបង្កជាគ្រោះមហន្តរាយ ដល់ពិភពលោកទំាងមូល»។
ទន្ទឹមគ្នានេះដែរប្រភេទគ្រាប់មីស៊ីលខាងលើ ត្រូវបានក្រុមអ្នកជំនាញជប៉ុនអះអាងថា អាចជាប្រភេទ ICBM ដោយត្រូវបានបាញ់ និងហោះបានរយៈពេល ៣៧នាទី មុនធ្លាក់ចូលក្នុងសមុទ្រជប៉ុន ដោយឡែកកូរ៉េខាងជើងបានបាញ់សាកល្បង នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅសេអ៊ូល) ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ សម្រាប់ប្រភេទគ្រាប់មីស៊ីលនេះ ពុំទាន់ត្រូវបានកំណត់ឲ្យច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើតាមក្រុមអ្នកជំនាញកូរ៉េខាងត្បូងវិញបានអះអាងជាបឋមថា ជាគ្រាប់មីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
គួរបញ្ជាក់ថា រាប់សិបឆ្នាំមកនេះ ដើម្បីរៀបចំឲ្យមានតុអង្គុយចរចាគ្នា ទំាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង សុទ្ធតែបានដាក់លក្ខខណ្ឌមិនអាចធ្វើបានឱ្យគ្នាទៅវិញមក ដោយសហរដ្ឋអាមេរិក ជារឿយៗតែងតែអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរជាមុនសិន រីឯកូរ៉េខាងជើង ក៏បានទទូចឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការធ្វើការសមយុទ្ធយោធាប្រចាំឆ្នាំជាមួយ ទីក្រុងសេអ៊ូលផងដែរ។
ប៉ុន្តែមកទល់ឥឡូវសំណើទាំងនេះ ទំនងជាគ្មានន័យទៀតឡើយ ពោលបើនិយាយឱ្យចំ ទោះបីជាសហរដ្ឋអាមេរិកយល់ព្រមក៏មិនប្រាកដថា របបកុម្មុយនីស្ដផ្ដាច់ការទីក្រុងព្យុងយ៉ាងធ្វើតាមដែរ ត្បិតទីក្រុងព្យុងយ៉ាងរបស់លោក គីម ជុងអ៊ុន បានដើរដល់ផ្លូវសឹងតែមិនអាចត្រឡប់ថយក្រោយទៅហើយ នោះគឺពួកគេជិតឈានដល់គោលដៅ ផលិតមីស៊ីលឆ្លងទ្វីប ICBM បាញ់ដល់សហរដ្ឋអាមេរិក ដែលអ្នកជំនាញមួយចំនួនយល់ថា អាចនឹងសម្រេចបានយ៉ាងយូរនៅឆ្នាំ២០២០៕