(គុយវ៉ែត)៖ សារព័ត៌មានគុយវ៉ែត KUNA បានរាយការណ៍ថា នៅទីបំផុតរដ្ឋាភិបាលកាតា បានផ្ដល់ចម្លើយចំពោះសំណើទំាង ១៣ចំណុច របស់បណ្ដាប្រទេសអារ៉ាប់ទំាង០៤ហើយ បន្ទាប់ពីពួកគេបានផ្ដល់រយៈពេល ៤៨ម៉ោងបន្ថែមឱ្យទីក្រុងដូហាពិចារណាឡើងវិញ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
ចម្លើយឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani បានធ្វើដំណើរទៅដល់ប្រទេសគុយវ៉ែតកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន KUNA រដ្ឋមន្ត្រីការបរទេសរូបនេះ បាននំាយកលិខិតមួយពីព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al Thani ប្រគល់ឱ្យព្រះមហាក្សត្រគុយវ៉ែត Sheikh Sabah Al-Ahmad Al-Jaber Al-Sabah ក៏ប៉ុន្តែមកទល់ពេលនេះ អត្ថន័យនៅក្នុងលិខិតនេះពុំទាន់ត្រូវបានគេបញ្ជាក់ឡើយ។
គួររំលឹកថា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា កាលពីថ្ងៃទិ០៥ ខែមិថុនា សម្រាប់ការផ្ដល់ហិរញ្ញវត្ថុ និងគំាទ្រពួក ភេរវករ បើទោះជាទីក្រុងដូហាបានបដិសធជាច្រើនដងក៏ដោយ។ ក៏ប៉ុន្តែដោយសារតែមានការសម្របសម្រួលពីគុយវ៉ែត បណ្ដាប្រទេសទំាងនេះបានទុកផ្លូវឱ្យកាតា ត្រឡប់មកត្រូវគ្នាឡើង វិញតាមរយៈការអនុត្ដន៍លក្ខខណ្ឌទំាង១៣ចំណុច ក្នុងនោះរួមមាន បិទសា្ថនីយ៍ទូរទស្សន៍ Al-jazeera, បិទមូលដ្ឋានទ័ពតួកគី និងផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ជាដើម។ តែយ៉ាង ណារដ្ឋមន្ត្រីការបរទេសកាតា ក៏ធ្លាប់បានបញ្ជាកដែរថា លក្ខខណ្ឌទាំងនេះគ្មានន័យអ្វីត្រូវទទួលយកឡើយ ព្រោះវាគឺជាទណ្ឌកម្មប្រឆាំងនឹងកាតា៕