(អាមេរិក)៖ បន្ទាប់ពីពុំមានដំណឹងអ្វីប្លែក អស់រយៈពេលជាច្រើនខែមកហើយនោះ ទីបំផុតយើងមានដំណឹងថ្មីពីយានអវកាស Juno ដែលកំពុងតែបំពេញបេសកកម្មនៅឯភពព្រហស្បត៍ហើយ។ នៅក្នុងពេលត្រឹមមួយសប្តាហ៍ទៀតប៉ុណ្ណោះ យានអវកាស Juno របស់អង្គការ NASA នឹងធ្វើដំណើរហោះទៅរយៈកម្ពស់ជាង ៩,០០០គីឡូម៉ែត្រ ពីលើព្យុះដ៏ធំមហិកមា ដែលត្រូវបានគេស្គាល់ថា «Great Red Spot» និងមានទំហំធំជាងភពផែនដីទៅទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Spuntik នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
ព្យុះរាងដូចបន្ទះឌីសយក្ស ដែលមានមុខកាត់ប្រវែង ១៦,១០០គីឡូម៉ែត្រ នៅលើភពដ៏ធំជាងបង្អស់ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ បានទាក់ទាញចំណាប់អារម្មណ៍ក៏ដូចជាភាពងឿងឆ្ងល់ របស់អ្នកវិទ្យាសាស្រ្តយ៉ាងហោចណាស់ចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៨៣០មកម៉្លេះ បើតាមអង្គការ NASA ខណៈផែនដីរបស់យើងមានអង្កត់ផ្ចិតត្រឹមតែ ១២,៧០០គីឡូម៉ែត្រប៉ុណ្ណោះ។
កាលពីឆ្នាំ២០១៦ យានអវកាស Juno របស់អង្គការ NASA បានផ្តិតយករូបភាពរបស់ព្យុះ Great Red Spot ក្នុងរយៈចម្ងាយប្រហែល១០លានគីឡូម៉ែត្រពីភពព្រហស្បតិ៍ (Jupiter)។ ដោយឡែកក្នុងដំណើរបេសកកម្មថ្មីនេះ NASA បានឲ្យដឹងថា «Juno នឹងឧបករណ៍វិទ្យាសាស្រ្តទំនើបៗដែលបំពាក់នៅលើវា នឹងហោះមុជទៅកាន់កៀកនឹង Jupiter ដើម្បីតាមដានមើលថា តើព្យុះមហិមានេះ មានជម្រៅជ្រៅយ៉ាងណា ហើយវានឹងជួយដល់ពួកយើង ក្នុងការស្វែងយល់កាន់តែច្បាស់អំពី Great Red Spot និងអ្វីដែលធ្វើឲ្យវាមានលក្ខណៈពិសេសបែបនេះ»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដានេះ យានអវកាស Juno នឹងធ្វើដំណើរជុំវិញភពព្រហស្បតិ៍បានមួយឆ្នាំពេញល្មម ហើយបើគិតជាចម្ងាយវិញគឺប្រមាណ ១១៤លានគីឡូម៉ែត្រ៕