(វ៉ាស៊ីនតោន)៖ ប៉ុន្មានម៉ោងក្រោយពីកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងថ្មីមួយគ្រាប់ទៀត ដោយមិនខ្វល់ពីទណ្ឌកម្ម និងសម្ពាធពីអន្តរជាតិនោះ ទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបញ្ចេញប្រតិកម្មនៅលើបណ្តាញ Twitter ជុំវិញសកម្មភាពបង្ករឿងថ្មីចុងក្រោយរបស់រដ្ឋកុម្មុយនិស្តដ៏ឯកោមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានបង្ហោះសារលើ Twitter យ៉ាងដូច្នេះថា «កូរ៉េខាងជើងទើបតែបាញ់សាកល្បងមីស៊ីលមួយគ្រាប់ផ្សេងទៀត... តើលោក គីម ជុងអ៊ុន គ្មានអ្វីប្រសើរជាងនេះ ដែលគួរធ្វើនៅក្នុងជីវិតរបស់លោកទេឬ? វាពិតជាពិបាកនឹងជឿណាស់ ដែលថាប្រទេសកូរ៉េខាងត្បូងរួមទាំងជប៉ុន នឹងបន្តខាំមាត់សង្កត់ចិត្ត ដើម្បីស៊ូទ្រាំនឹងទង្វើបែបនេះបានយូរប៉ុណ្ណាទៀតនោះ។ ដោយឡែកប្រហែលជាចិន នៅទីបំផុត នឹងសម្រេចជ្រើសរើសការប្រើប្រាស់វិធានការក្តៅចុងក្រោយ ចាត់ការកូរ៉េខាងជើង ហើយបញ្ចប់បញ្ហានេះឲ្យដាច់ស្រេចតែម្តង»។ យ៉ាងណាមិញសេតវិមាន ពុំទាន់មានសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយ ជុំវិញការធ្វើតេស្តមីស៊ីលថ្មីចុងក្រោយរបស់កូរ៉េខាងជើងនេះនៅឡើយទេ។
យោងតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ខណៈប្រភេទគ្រាប់មីស៊ីលនេះ ពុំទាន់ត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញកូរ៉េខាងត្បូងបានអះអាងជាបឋមថា ជាគ្រាប់មីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកប្រធានាធីបតីអាមេរិក ទើបតែបាននិយាយទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តជប៉ុនលោក ស៊ីនហ្សូ អាបេ ក៏ដូចជាប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅក្នុងកិច្ចសន្ទនាដាច់ដោយឡែកពីគ្នា ជុំវិញបញ្ហាកូរ៉េខាងជើងហើយប៉ុណ្ណោះ។ ម៉្យាងវិញទៀត នៅក្នុងជំនួបត្រីភាគីក្រៅផ្លូវការក្នុងអំឡុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តចាប់ផ្តើមនៅឯទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់ មេដឹកនាំនៃប្រទេសទាំងបីអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន ត្រូវបានគេរំពឹងថានឹងធ្វើការពិភាក្សាលម្អិតជុំវិញវិធីសាស្រ្តថ្មី ដើម្បីចាត់ការកូរ៉េខាងជើង៕