(ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងថា ភ្លៀងធ្លាក់បង្កជាគ្រោះទឹកជំនន់នៅក្នុងតំបន់ស្វយ័ត Guangxi Zhuang ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានផ្ដាច់យកអាយុជីវិតមនុស្សកើនដល់ ១៦នាក់ និង ១០នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមក្រុមមន្ត្រីកិច្ចការស៊ីវិលប្រចាំតំបន់ ភ្លៀងធ្លាក់បានចាប់ផ្ដើមតាំងតែពីថ្ងៃអាទិត្យ នៅផ្នែកខ្លះនៃតំបន់ Guangxi Zhuang ដោយបង្ខំឱ្យអាជ្ញាធរសម្រេចចិត្តជម្លៀស ប្រជាជន ៩១,៦០០នាក់ ទៅកាន់ទីទទួលមានសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ផ្អែកលើរបាយការណ៍បឋម គ្រោះធម្មជាតិនេះបានបង្កផលប៉ះពាល់ដល់ប្រជាជនជាង ១.០៥លាននាក់ ព្រមទាំង ប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចជាតិ គិតជាទំហំទឹកប្រាក់ស្មើនឹងជាង ៤២៨លានដុល្លារ។ ចំណែកឯ ផ្ទះសម្បែងច្រើនជាង ៦០០ខ្នងបានដួលរលំ និង៦,៥០០ខ្នង ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងផងដែរ ខណៈមនុស្ស ៣៦នាក់បានរងរបួស៕