(ស៊ីដនី)៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន AirAsia ដែលមានជើងហោះហើរ X Flight បានគ្រោងធ្វើដំណើរពីតំបន់ Gold Coast របស់អូស្ត្រាលី ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ប៉ុន្តែក្រោយពីទើបធ្វើការហោះឡើងបានពាក់កណ្តាលអាកាស វាក៏បុកនឹងហ្វូងបក្សី ទើបបង្កឲ្យមានការប្រកាសអាសន្ន និងចុះចតជាបន្ទាន់ ដើម្បីពិនិត្យមើលប្រព័ន្ធសុវត្ថិភាពឡើងវិញ នៅព្រលានយន្តហោះទីក្រុង Brisbane ប្រទេសអូស្ត្រាលីតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
យន្តហោះខាងលើនេះ ជាប្រភេទ Airbus A330 បានបុកនឹងហ្វូងបក្សី ដែលអ្នកដំណើរនៅជិតស្លាបផ្នែកខាងស្តាំរបស់យន្តហោះ បានលឺសំឡេងទង្គិចរវាងតួយន្តហោះ នឹងបក្សីយ៉ាងហោចណាស់ក៏ ៤ ទៅ ៥ដងដែរ។ អ្នកដំណើរម្នាក់នៅលើនោះបានរៀបរាប់ថា «ខ្ញុំអាចឃើញពន្លឺពណ៌ទឹកក្រូច ពីតាមមាត់បង្អួត ដោយអ្នកខ្លះបានអះអាងថា មានភ្លើងឆេះហើយដូច្នេះពួកយើងក៏ចាប់ផ្តើមធ្វើការបន់ស្រន់ ប៉ុន្តែគ្រប់គ្នានៅតែរក្សាសណ្តាប់ធ្នាប់»។
គួរបញ្ជាក់ថា បើតាមសម្តីរបស់អ្នកនាំពាក្យអាកាសយានដ្ឋានខាងលើនេះ វាគឺជាការប៉ះទង្គិចរវាងយន្តហោះ និងហ្វូងសត្វបក្សី ហើយពួកគេបានឃើញសាកសពរបស់សត្វទាំងនោះ នៅព្រលានយន្តហោះ Gold Coast។ សម្រាប់អ្នកដំណើរទាំង ៣៤៥នាក់ និងសហសេវិក ១៤នាក់ គឺមានសុវត្ថិភាពជាធម្មតា ហើយផ្នែកបញ្ជាការហោះហើរនៅឯអាកាសយានដ្ឋាន បានកោតសរសើរពីឡុតទាំងអស់ ដែលមានស្មារតីខ្ពស់ក្នុងការគ្រប់គ្រងស្ថានការណ៍បានយ៉ាងប្រសើរ។ ដោយឡែកជើងហោះហើរពិសេស ដើម្បីហោះហើរទៅគូឡាឡាំពួឡើងវិញ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន៕