Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គមេបញ្ជាការទ័ពមីយ៉ាន់ម៉ា៖ «ការធ្លាក់យន្តហោះយោធា​ស្លាប់មនុស្ស១២២នាក់ គឺជាការបាត់បង់ដ៏ធំធេង​សម្រាប់ប្រជាជាតិ​ទាំងមូល»

04-07-2017 10:15

​(មីយ៉ាន់ម៉ា)៖ អគ្គមេបញ្ជាការយោធា​មីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា គ្រោះថ្នាក់​ធ្លាក់យន្ដហោះ​យោធាមួយគ្រឿង​ កាលពីថ្ងៃទី០៧ ខែមិថុនា គឺជាការ​បាតបង់មួយដ៏ធំ សម្រាប់​កងទ័ព និងប្រជាជាតិ​មីយ៉ាន់ម៉ា​ទំាងមូល។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់ លោក Min Aung Hlaing​ ធ្វើឡើង​នៅក្នុងជំនួបមួយ​នៅទីស្នាក់ការកណ្ដាល​កងទ័ព ក្នុងរដ្ឋធានី Nay Pyi Taw ដែលត្រូវបាន​សារព័ត៌មាន​នៅក្នុងស្រុក​ចុះផ្សាយនៅ ថ្ងៃអង្គារនេះ។ លោក Min បានលើកឡើង​យ៉ាងដូច្នេះថា «ការបាត់បង់​ជីវិតមនុស្ស​ជាច្រើននាក់ នៅក្នុងឧបទ្ទវ​ហេតុនេះ​ គឺជាការបាត់បង់​ដ៏ធំធេងចំពោះកងទ័ព និងប្រជាជាតិ​មីយ៉ាន់ម៉ា​ទំាងមូល»។ មេ ទ័ពកំពូល​មីយ៉ាន់ម៉ារូបនេះ ក៏បាន​អរគុណដល់​ក្រុមអ្នកជួយ​សង្រ្គោះ​ផងដែរ ខណៈប្រតិបត្តិការរុករក នឹងបន្តធ្វើឡើង​អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។

គួររំលឹកថា បើតាមយោធា​មីយ៉ាន់ម៉ា មនុស្ស១២២នាក់ក្នុងនោះ​មានទាំង​យោធា១០៨នាក់ និងក្រុមសហសេវិក ១៤នាក់ បានជិះនៅលើ​យន្ដហោះយោធា Myanmar Air Force ដែលបាន​ធ្លាក់ចូលទៅក្នុង​សមុទ្រ Andaman ហើយមកទល់​ពេលបច្ចុប្បន្ន សាកសព​មនុស្ស ៩២នាក់ ត្រូវគេបានស្រង់​ចេញពី​ទឹកសមុទ្រ ប៉ុន្តែគេបានសន្មត់បានថា មនុស្សទាំង ១២២នាក់ គឺបានស្លាប់បាត់ជីវិត​ទាំងអស់ទៅហើយ៕