(ប៉ារីស)៖ បុរសប្រដាប់អាវុធពីរនាក់ បានបើកការបាញ់ប្រហារទៅមនុស្សមួយក្រុម ស្ថិតនៅទីក្រុង Toulouse ភាគខាងត្បូងប្រទេសបារាំង នៅយប់ថ្ងៃចន្ទ ដោយបានផ្តាច់ជីវិតមនុស្សម្នាក់ និងបងរបួស០៦នាក់ផ្សេងទៀត ហើយនេះជាករណីទីពីរហើយនៃការបាញ់ប្រហារគ្នា ដែលបានកើតមានឡើងពីរថ្ងៃជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
ការបាញ់ប្រហារបានកើតមានឡើងនៅវេលាម៉ោង ៩៖០០នាទីយប់ថ្ងៃចន្ទ (ម៉ោងនៅទីក្រុងប៉ារីស) ដោយជនសង្ស័យចំនួនពីររូប បានជិះម៉ូតូមួយគ្រឿង រួចធ្វើការបាញ់រះទៅលើមនុស្សមួយក្រុមខាងលើនេះ បានបណ្តាលស្លាប់ និងរងរបួសសរុបចំនួន ០៧នាក់តែម្តងនៅក្នុងសង្កាត់ La Reunerie នៃទីក្រុង Toulouse រួចជនសង្ស័យទាំងពីរនាក់ ក៏ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
បើតាមសមត្ថកិច្ចបារាំង អ្នករងរបួសចំនួនពីរនាក់ គឺកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងកំពុងទទួលការព្យាបាលជាបន្ទាន់នៅក្នុងមន្ទីរពេទ្យនៃទីក្រុងខាងលើនេះ។ ភ្លាមៗកងកម្លាំងប៉ូលិស ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ខណៈមិនទាន់មានការអះអាងថា វាជាអំពើភេរវកម្មនោះឡើយ។ ករណីនេះបានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីករណីបាញ់ប្រហារមួយ បានកើតមានឡើងនៅខាងមុខព្រះវិហារអ៊ីស្លាមមួយកន្លែង ក្នុងទីក្រុង Avignon ភាគអាគ្នេយ៍នៃប្រទេសបារាំង បានបណ្តាលឲ្យមនុស្សចំនួន០៨នាក់រងរបួស កាលពីវេលារាត្រីថ្ងៃអាទិត្យ៕