(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ផ្ទុះរថយន្តដឹកប្រេងក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ២០៦នាក់ហើយ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀត នៅបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរប៉ាគីស្ថាន ចំនួនអ្នកស្លាប់កើនឡើងនេះ ដោយសារតែអ្នករងរបួសមួយចំនួនដែលសម្រាកនៅមន្ទីពេទ្យ បានបាត់បងជីវិតជាបន្តបន្ទាប់។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុត បំផុតនេះ បានកើតឡើងនៅទីក្រុង Bahawalpur ភាគខាងកើតប្រទេសប៉ាគីស្ថានក្នុងខេត្ត Punjab នៅវេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ (ម៉ោងនៅក្នុងតំបន់)។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរនៅក្នុងតំបន់ ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅពេលរថយន្តដឹកប្រេងមួយគ្រឿងបានក្រឡាប់ដោយបណ្តាលឲ្យផ្ទុះឆាបឆេះរាលដាលដល់រថយន្ត និងម៉ូតូដទៃទៀត ដែលកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវ។ មកទល់នឹងពេលនេះ មូលហេតុពិតប្រាកដនៃសោកនាដកម្មនេះ ពុំទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ដោយគ្រាន់តែដឹងថារថយន្ដ ដឹកប្រេងនេះធ្វើដំណើរពីទីក្រុង Karachi ឆ្ពោះទៅកាន់ទីក្រុង Lahore នៃខេត្ត Punjab ក៏ប៉ុន្តែស្រាប់តែអ្នកបើកបរបានបាត់បង់ភាពម្ចាស់ការ ហើយធ្វើឱ្យរថយន្ដនេះក្រឡាប់តែម្ដងនៅលើផ្លូវ highway ខាងក្រៅទីក្រុង Bahawalpur។ ចំណែកឯក្រុមអ្នកស៊ើបអង្កេត ក៏បានសន្និដ្ឋានបញ្ចប់នៅក្នុងរបាយការណ៍របស់ខ្លួនដែរថា មន្ត្រីប៉ូលិស០៥នាក់ គឺបានប្រព្រឹត្តកំហុសដោយបាន លាក់បាំងព័ត៌មាន៕