(ប៉េកាំង)៖ ប្រទេសចិនបានធ្វើការអំពាវនាវសាជាថ្មី ឲ្យប្រទេសឥណ្ឌាធ្វើការដកកងកម្លាំង ដែលឆ្លងកាត់ព្រំដែននោះចេញទៅវិញជាបន្ទាន់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន ដកស្រង់ដោយសារព័ត៌មាន CGTN នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ផ្នែកត្រួតស៊ីគ្នានៃតំបន់ព្រំដែនចិន-ឥណ្ឌា ត្រូវបានកំណត់ដោយអនុសញ្ញាអង់គ្លេស-ចិន ឆ្នាំ១៩៨០ ដែលកាលណោះរដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់ដោយខ្លួនឯងថា មិនមានការជំទាស់នោះឡើយ។ លោក Geng បានសង្កត់ធ្ងន់ថា «វាគឺជាគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលត្រូវតែគោរពតាមសន្ធិសញ្ញា»។
ប្រទេសចិនចោទឥណ្ឌាថា បានបំពានលើសន្ធិសញ្ញាដែលមានស្រាប់ តាមរយៈការបញ្ជូនកម្លាំងឆ្លងកាត់ព្រំដែន ដែលប្រឆាំងទៅនឹងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដូច្នេះ «វាជាបញ្ហាធ្ងន់ធ្ងរណាស់»។ ចិនសូមអំពាវនាវឲ្យឥណ្ឌា ដកទ័ពចេញពីតំបន់ព្រំដែនភាគនិរតីប្រទេសចិននេះជាបន្ទាន់ ដើម្បីបង្ហាញការគោរពចំពោះសន្ធិសញ្ញាដែលខ្លួនបានចុះហត្ថលេខាជាប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ៕