(ម៉ូស្គូ)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូហើយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីលោកឡើងកាន់តំណែង នៅក្នុងឆ្នាំ២០១៣។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្នុងដំណើរទស្សនកិច្ច នៅទីក្រុង មូស្គូ លោក ស៊ី នឹងជួបពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ហើយមេដឹកនាំទាំងពីរ ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការជាច្រើន នៅលើវិស័យដូចជា៖ ពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, ទំនាក់ទំនង, ផ្សព្វផ្សាយ និងការអប់រំ។ នេះបើតាមការលើកឡើង របស់លោក Li Huilai ជំនួយការរដ្ឋមន្ត្រីការបរទេសចិន។
ដំណើរទស្សនៈកិច្ច របស់លោក ស៊ី នាពេលនេះ គឺជាដំណើរទស្សនៈកិច្ច លើកទី៦ ទៅកាន់រុស្ស៊ី ចាប់តាំងពីលោកឡើងកាន់តំណែង ជាប្រធានាធិបតីចិន នៅក្នុងឆ្នាំ២០១៣ ហើយនឹងជាជំនួបលើកទី៣ សម្រាប់ឆ្នាំ២០១៧នេះ រវាងលោក ស៊ី និងលោក ពូទីន ដែលមេដឹកនាំទាំងពីររូបនេះ ធ្លាប់បានជួបជា២២លើករួចមកហើយ។
នៅក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០១៧នេះ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានចំនួន៣២.៤ពាន់លានដុល្លារអាមេរិក កើនឡើង២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ការសម្របសម្រួលល្អ របស់ចិននិងរុស្ស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការដោះស្រាយដោយសន្តិភាព នៃវិបត្តិនុយក្លេអ៊ែ នៅឧបទ្វីបកូរ៉េ និងបញ្ហានៅស៊ីរី។
សូមជម្រាបដែរថា ដោយចាកចេញពីរុស្ស៊ី លោក ស៊ី នឹងធ្វើដំណើរទៅកាន់អាល្លឺម៉ង់ ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេស នៅតំបន់អឺរ៉ុបមួយនេះ ហើយនឹងចូលរួមកិច្ចប្រជុំកំពូល ប្រទេសមហាអំណាចសេដ្ឋកិច្ច (G20) ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ៕