(វ៉ាស៊ីនតោន)៖ ប្រទេស អារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសអារ៉ាប់មួយចំនួនផ្សេងទៀត បានកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេស កាតា ព្រមទាំងបានដាក់ចេញ នូវការទាមទារចំនួន១៣ចំណុច ឱ្យប្រទេសមួយនេះអនុវត្តតាមដើម្បីបញ្ចប់វិបត្តិ ដោយព័ត៌មានលម្អិតរាល់១៣ចំណុចខាងលើ ត្រូវសារព័ត៌មាន AP ទទួលបានពីប្រទេសមួយចំនួនមានពាក់ព័ន្ធនឹងវិបត្តិនេះ ក្នុងនោះមានដូចជា៖

១៖ បញ្ឈប់ទំនាក់ទំនងកាទូតជាមួយប្រទេស អ៊ីរ៉ង់ និងបញ្ឈប់បេសកកម្មកាទូតផ្សេងៗរបស់ខ្លួនពីទីនោះ។ និរទេសសមាជិកកម្លាំងល្បាតរបស់អ៊ីរ៉ង់ចេញពីកាតា និងកាត់ផ្តាច់រាល់កិច្ចសហប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់។ ក្នុងនោះមានតែទំនាក់ទំនងពាណិជ្ជកម្ម និងជំនួញជាមួយអ៊ីរ៉ង់ ដែលស្របតាមច្បាប់នៃការដាក់ សម្ពាធពីសហរដ្ឋអាមេរិក និងអន្តរជាតិតែប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត។

២៖ កាត់ផ្តាច់ទំនាក់ទំនងជាមួយអង្គការភេវរកម្ម ជាពិសេសក្រុមភាតរភាពមូស្លីម ក្រុមសកម្មជន Daesh ក្រុមអាល់កៃដា និងក្រុម Hezbollah ក្នុងប្រទេស លីបង់ ព្រមទាំងប្រកាសថា ក្រុមនោះជាក្រុមភេវរកម្ម។

៣៖ បិទស្ថានីយ៍ទូរទស្សន៍ Al Jazeera និងស្ថានីយ៍ផ្សេងៗទៀតដែលពាក់ព័ន្ធ។
 
៤៖ បិទរាល់ស្ថាប័នកាសែតដែលឧបត្ថម្ភដោយផ្ទាល់ ឬដោយប្រយោលពីប្រទេសកាតា ក្នុងនោះរួមទាំងស្ថាប័នព័ត៌មាន Arabi21 ផងដែរ។

៥៖ បញ្ចប់វត្ថមានយោធាតួកគីក្នុងប្រទេស កាតា និងបញ្ចប់រាល់កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ​ដែលធ្លាប់ធ្វើឡើងក្នុងទឹកដីកាតា។

៦៖ បញ្ឈប់រាល់ការឧបត្ថម្ភដល់បុគ្គល ឬក្រុម ឬអង្គការដែលត្រូវបានចាត់ទុកថា ជាក្រុមភេរវករ។

៧៖ បញ្ជូនតួអង្គភេរវករ និងបុគ្គលទាំងអស់ដែលបណ្តាប្រទេសអារ៉ាប់ចង់បានឱ្យវិលត្រឡប់ទៅប្រទេស​កំណើតរបស់ខ្លួនវិញ។ រឹបអូសទ្រព្យសម្បត្តិ និងរាល់ព័ត៌មានសំខាន់ៗ ទាក់ទងនឹងកន្លែងរស់នៅសកម្មភាព និងហិរញ្ញវត្ថុរបស់ពួកគេ។

៨៖ បញ្ឈប់សកម្មភាពលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។ បញ្ឈប់ការផ្តល់សញ្ជាតិដល់បុគ្គលណា​ដែលប្រទេស អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អេហ្ស៊ីប និងបារ៉ែនចង់ចាប់ខ្លួន។ ដកហូតសញ្ញាតិកាតា ពីបុគ្គលណាដែលបំពានច្បាប់ប្រទេសទាំងបួនខាងលើ។

៩៖ បញ្ឈប់រាល់ទំនាក់ទំនងជាមួយបក្សប្រឆាំងរបស់ប្រទេស អារ៉ាប៊ីសាអូឌិត អារ៉ាប់រួម អេហ្ស៊ីប និងបារ៉ែន។ បង្ហាញរាល់ឯកសារសំខាន់ពាក់ព័ន្ធនឹង ទំនាក់ទំនងរវាងកាតា និងក្រុមអ្នកដែលគាំទ្របក្សប្រឆាំង​របស់ប្រទេសទាំង៤ខាងលើ។

១០៖ ចេញថ្លៃជួសជុល និងប្រាក់សំណងសម្រាប់ការបាត់បង់អាយុជីវិត ការខាតបង់ហិរញ្ញវត្ថុដែលបណ្តាលមកពី​គោលនយោបាយ​របស់កាតាក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទឹកប្រាក់សរុបនឹងត្រូវបានបញ្ជាក់ក្នុងពេល​ធ្វើការសម្របសម្រួលជាមួយកាតា។

១១៖ ចង់សម្ព័ន្ធជាមួយបណ្តាប្រទេសអារ៉ាប់ លើវិស័យយោធា នយោបាយ សង្គម និងសេដ្ឋកិច្ច ដោយស្របតាម​កិច្ចព្រមព្រៀង​ជាមួយប្រទេស អារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ២០១៤កន្លងទៅនេះ។

១២៖ ព្រមព្រៀងតាមការទាមទារខាងលើក្នុងរយៈពេល១០ថ្ងៃ មិនដូចច្នោះទេ វានឹងត្រូវបានចាត់ទុកជាមោឃៈ។ យ៉ាងនេះក្តីក្នុងឯកសារនេះមិនបាន បញ្ជាក់ច្បាស់ថាតើ ប្រទេសអារ៉ាប់ទាំងនោះនឹងធ្វើដូចម្តេច​ប្រសិនបើកាតាបដិសេធមិនព្រមតាមសំណើរនេះនោះទេ។

១៣៖ យល់ឱ្យព្រមផ្តល់ការត្រួតពិនិត្យឡើងវិញនូវទង្វើរបស់ខ្លួនដើម្បីឱ្យប្រាកដថា កាតាមិនបំពានកិច្ចព្រមព្រៀងនេះ។ ការត្រួតពិនិត្យត្រូវធ្វើឡើងជារៀងរាល់ខែក្នុងឆ្នាំទី១បន្ទាប់ពីការព្រមព្រៀង និងធ្វើឡើងជារៀងរាល់បីខែម្តងក្នុងឆ្នាំទី២។ ដោយឡែកបន្ទាប់ពីរយៈពេល១០ឆ្នាំឡើងទៅ ប្រទេសកាតា នឹងស្ថិតនៅក្រោមការពិនិត្យតាមដានជារៀងរាល់ឆ្នាំ។

សូមជម្រាបថា បណ្តាប្រទេសនៅអារ៉ាប់បានកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេស កាតា ព្រមទាំងទាមទារទទួលយល់ព្រមតាម១៣ចំណុចខាងលើ បន្ទាប់ពីចោទប្រកាន់ថា ប្រទេសនេះ បានផ្តល់មូលនីធិឧបត្ថម្ភដល់ក្រុមភេរវរករ៕