(ប៉ារីស)៖ បុរសជាជនសង្ស័យស្ដាំនិយមជ្រុលម្នាក់ ត្រូវបានអាជ្ញាធរបារាំងឃុំខ្លួន និងចោទប្រកាន់ពីបទប៉ុនប៉ងសម្លាប់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នាឱកាសប្រារព្ធ ពិធីបុណ្យជាតិបារាំង Bastille Day នៅថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង ជនសង្ស័យខាងលើមានអាយុ២៣ឆ្នាំ ត្រូវបានចាប់ខ្លួននៅជាយទីក្រុងប៉ារីស កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា បន្ទាប់ពីប៉ូលិសទទួលបាន ព័ត៌មានពីអ្នកប្រើប្រាស់គេហទំព័រ Videogame មួយមានអាស័យដ្ឋាន jeuxvideo.com ថារូបគេមានបំណងទិញកាំភ្លើងមួយដើមម៉ាក kalachnikov។ ជាងនេះទៅទៀត ក្រោយត្រូវចាប់ ខ្លួន បុរសរូបនេះបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ខ្លួនចង់សម្លាប់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នាឱកាសប្រារព្ធពិធីបុណ្យជាតិបារាំង Bastille Day នៅថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ ហើយមិនតែប៉ុណ្ណោះរូបគេក៏មានបំណងចង់វាយប្រហារលើអ្នកកាន់សាសនាអ៊ីស្លាម, ជនជាតិជីព្វ,ជនជាតិស្បែកខ្មៅ និងអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។
គួរបញ្ជាក់ថា បុរសជាជនសង្ស័យរូបនេះ ត្រូវបានគេរាយការណ៍ថាជាមនុស្សគ្មានការងារធ្វើ, មានបញ្ហាផ្លូវចិត្ត និងជាមនុស្សងប់នឹងមនោគមន៍ជាតិស្ដាំនិយមជ្រុល។ ក៏ប៉ុន្តែយ៉ាងណា មកទល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតកំពុងស្រាវជ្រាវថាតើមានជាប់ពាក់ព័ន្ធនឹងក្រុមអង្គការភេរវកម្មណាមួយដែរឬទេ ខណៈពួកគេបានរកឃើញកូនកាំបិតចំនួន០៣នៅក្នុងរថយន្ដរបស់ បុរសម្នាក់នេះ៕