(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអះអាងថា ការដាក់ពងា្រយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD នៅលើទឹកដីកូរ៉េខាងត្បូង បាននិងកំពុងបំផ្លាញសន្តិសុខឧប ទ្វីបកូរ៉េ ព្រមទាំងផលប្រយោជន៍យុទ្ធសាស្ត្រសនិ្តសុខរបស់បណ្ដាប្រទេសនៅក្នុងតំបន់ រួមមានទាំងរុស្ស៊ី និងចិន។ ម្យ៉ាងវិញទៀត វាក៏មិនអាចចូលរួមចំណែកអ្វីបន្តិចណាឡើយក្នុងដំណើរ ការឈានទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS មុនបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងមូស្គូ លោក ស៊ី ជិនពីង បានលើកឡើងដូច្នេះថា៖ «ការដាក់ពង្រាយ THAAD នៅកូរ៉េខាងត្បូង បាននិងកំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់យុទ្ធសាស្ត្រសន្តិសុខនៃបណ្ដាប្រទេសនៅក្នុងតំបន់ រួមមានទាំងរុស្ស៊ីនិងចិន ព្រមទាំងតុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់ ...ហើយវាក៏មិនអាចជួយអ្វី បានដែរដល់កិច្ចខិតខំប្រឹងបែ្រងលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ឬក៏ចូលរួមចំណែកថែរក្សាស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់ តែផ្ទុយទៅវិញវាមែនតែបង្កើនភាពតានតឹងលើស្ថាន ស្មុគស្មាញដែលមានស្រាប់នាពេលបច្ចុប្បន្នប៉ុណ្ណោះ... ដូច្នេះទីក្រុងប៉េកាំង ជំរុញជាថ្មីឱ្យសហរដ្ឋអាមេរិក លុបចោលគំរោងនេះជាបន្ទាន់ បើពុំដូច្នោះទេចិន និងរុស្ស៊ីគ្មានជំរើសផ្សេងក្រៅតែពី ការចាត់វិធានការឆ្លើយតប ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន រួមទំាងតុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់»។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូហើយនៅថ្ងៃចន្ទនេះ ហើយលោកនឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅល្ងាចថ្ងៃដដែល (ម៉ោងនៅរុស្ស៊ី) មុននឹងត្រូវទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសអាល្លឺម៉ង់៕