(អូស្រ្តាលី)៖ ខ្លាកំណាចប្រចាំទ្វីបអាស៊ី Manny Pacquiao ទទួលបានប្រាក់រង្វាន់សរុបចំនួនជាង ១៥លានដុល្លារពីការ ឡើងការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBO welterweight លើកទី១ ទោះមិនបានសម្រេចក្តី ក្រោយចាញ់ កីឡាករម្ចាស់ផ្ទះ Jeff Horn ដោយពិន្ទុឯកច្ឆន្ទកាលពីព្រឹកថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ។

យោងតាមគេហទំព័រកីឡា Totalsportek បានចុះផ្សាយថា កីឡាករដែលជានិម្មិតរូបរបស់ហ្វីលីពីន វ័យ៣៨ឆ្នាំ Pac Man ទទួលបានប្រាក់១០លានដុល្លារ ដែលជាលុយធានារ៉ាប់រងអាយុជីវិត និងជាង៥លានដុល្លារទៀតបានមកពីក្រុមហ៊ុន PPV ដែលមានមូលដ្ឋាននៅអូស្រ្តាលី និងប្រព័ន្ធផ្សព្វផ្សាយនានា ដែលទិញសិទ្ធិផ្សាយបន្តផ្ទាល់ បូករួមទាំង Sponsor ផ្ទាល់ខ្លួនមួយចំនួនទៀត។

ក្នុងជំនួបរវាងជើងខ្លាំងទាំងពីរ សង្វៀន Suncorp ស្ថិតក្នុងទីក្រុង Brisbane នៃរដ្ឋ Queensland ប្រទេសអូស្រ្តាលី បានប្រកាសថា សំបុត្រប្រមាណ ៥២០០០សន្លឹកត្រូវបានលក់អស់ក្នុងរយៈតែ ១ខែប៉ុណ្ណោះ សម្រាប់១ប្រកួតដែលបានដាក់ឈ្មោះថា «Battle of Brisbane»។

យ៉ាងណាមិញ សម្រាប់ជើងឯកម្ចាស់ខ្សែក្រវាត់ WBO welterweight វ័យ២៩ឆ្នាំ Jeff Horn ទទួលបានប្រាក់ធានារ៉ាប់កើនដល់ ១លានដុល្លារ ដែលជាប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មាន ក្នុងនាមជាកីឡាករប្រដាល់អាជីពដែលវ៉ៃតែនៅប្រទេសអូស្រ្តាលី៕