(វ៉ាស៊ីនតោន)៖ អ្នកដំណើរជាច្រើននាក់បាននាំគ្នាបង្ហោះរូបភាព ដែលបង្ហាញឲ្យឃើញពីយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines មានការឆាបឆេះឡើងនៅលើផ្លូវហោះហើរ ភ្លាមៗបន្ទាប់ពីបានធ្វើការចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Denver នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមរូបភាពមួយចំនួននោះបណ្តាញទំនាក់ទំនងសង្គម Twitter ម៉ាស៊ីនផ្នែកឆ្វេងរបស់យន្តហោះដឹកអ្នកដំណើរនោះ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏ប៉ុន្តែជាសំណាងល្អវាមិនបានផ្ទុះឡើងនោះឡើយ ហើយក្រោយមករថយន្តសង្រ្គោះបន្ទាន់ ក៏បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ទើបក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ បានរួមគ្នាពន្លត់ភ្លើងនៅក្នុងម៉ាស៊ីនយន្តហោះនោះបានទាន់វេលាភ្លាមៗ។
ជាមួយគ្នានេះអ្នកនាំពាក្យរបស់អាកាសចរណ៍អាមេរិក United Airlines ក៏បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងដែរថា យន្តហោះដឹកអ្នកដំណើរមានជើងហោះហើរ ៥៨៦៩ បានជួបបញ្ហាផ្នែកម៉ាស៊ីន។ យ៉ាងណាមិញអ្នកដំណើរ និងក្រុមសហសេវិកទាំងអស់ ពុំបានទទួលរងរបួសអ្វីឡើយ ហើយបានចាកចេញពីយន្តហោះដោយសុវត្ថិភាព។
គួរបញ្ជាក់ថា យន្តហោះខាងលើជាប្រភេទ Bombardier CRJ700 ដែលមានម៉ាស៊ីនចំនួនពីរ មានគោលដៅធ្វើដំណើរមកពីទីក្រុង Aspen នៃរដ្ឋ Colorado ទៅកាន់ទីក្រុង Denver ក្នុងរដ្ឋតែមួយ ដែលស្ថិតនៅចម្ងាយមិនដល់៣៤០គីឡូម៉ែត្រនោះឡើយពីគ្នា៕