(ប៉េកាំង)៖ ប្រធនាធិបតីចិន លោក ស៊ី ជិនពីង កំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបំពេញទស្សនកិច្ចចំនួនពីរថ្ងៃ ចាប់ថ្ងៃទី៣-៤ ខែមិថុនា ក្រោមការអញ្ជើញដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារចិន CGTN នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានដដែល លោក ស៊ី នឹងជួបជាមួយសមភាគីរុស្ស៊ីរបស់លោកជាលើកបីហើយ នៅក្នុងឆ្នាំ២០១៧នេះ ហើយមេដឹកនាំនៃប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងបើកកិច្ចពិភាក្សាស៊ីជម្រៅ ជុំវិញប្រធានជាច្រើនពាក់ព័ន្ធនឹងប្រជាជាតិទាំងពីរ។ បន្ថែមពីនេះភាគីទាំងសងខាងក៏ត្រូវគេរំពឹងផងដែរថា នឹងធ្វើការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមិនតិចជាង១០ នោះឡើយ។
ដោយឡែកបន្ទាប់ពីប្រទេសរុស្ស៊ី លោកប្រធានាធិបតីចិននឹងបន្តដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ សម្រាប់ការធ្វើទស្សនកិច្ចចាប់ពីថ្ងៃទី៤-៦ ខែកក្កដា ក្រោមការអញ្ជើញរបស់ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងអាធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។ ម៉្យាងវិញទៀត លោក ស៊ី ជិនពីង ក៏នឹងចូលរួមកិច្ចប្រជុំកំពូល G20 លើកទី១២ នៅឯទីក្រុង Hamburg នាថ្ងៃទី៧-៨ ខែដដែលនេះថែមទៀតផង។
គួរបញ្ជាក់ថា ប្រតិភូអមដំណើររបស់លោក ស៊ី រួមមានភរិយារបស់លោក គឺលោកស្រី ពេង លីយាន់ និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិនដទៃផ្សេងទៀត ក៏ដូចជាមេជំនួញធំៗនៃប្រទេសចិនផងដែរ៕