(គុយវ៉ែត)៖ រដ្ឋមន្ត្រីការបរទេសកាតាព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al Thani បានធ្វើដំណើរទៅដល់ប្រទេសគុយវ៉ែតហើយ នៅថ្ងៃចន្ទនេះ ដើម្បីផ្ដល់ចម្លើយរបស់ទីក្រុងដូហា ទៅនឹងសំណើពីសំណាក់ប្រទេសអារ៉ាប់ទំាង០៤ ដែលបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយខ្លួន។ នេះបើតាមសារព័ត៌មាន Al Jazeera ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
ការមកដល់របស់ព្រះអង្គម្ចាស់ Al Thani ធ្វើឡើងបន្ទាប់ពីបណ្ដាប្រទេសអារ៉ាប់ទាំងបួនរួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានសម្រេចចិត្តបន្តរយៈពេល ៤៨ម៉ោងបន្ថែមទៀត តាមសំណើរបស់រដ្ឋាភិបាលគុយវ៉ែត សម្រាប់ឱ្យទីក្រុងដូហាគិតគូរឡើងវិញ និងអនុវត្តន៍តាមសំណើទាំង១៣ចំណុច ខណៈឱសានវាទនៃការទទួលយកលក្ខខណ្ឌទាំងនេះ បានអស់សុពលភាពកាលពីយប់ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ ជាមួយគ្នានោះដែរ នៅលើ Twitter ផ្ទាល់ខ្លួន Al Jazeera បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋមន្ត្រីការបរទេសកាតាបាន ធ្វើដំណើរទៅដល់ប្រទេសគុយវ៉ែតហើយ ដើម្បីនាំយកចម្លើយឆ្លើយតប ទៅនឹងសំណើនៃបណ្ដារដ្ឋដែលប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា»។
គួរំលឹកថា កាលពីចុងសប្ដាហ៍កន្លងទៅ ព្រះអង្គម្ចាស់ Al Thani បាននិយាយថា «ទីក្រុងដូហា មិនអាចទទួលយកលក្ខខណ្ឌនៃសំណើទំាង១៣ចំណុចនេះនោះទេ ហើយវាក៏គ្មានន័យអ្វីត្រូវ ទទួលយក ឬក៏ចរចាដែរ ពីព្រោះកាតា បានចាត់ទុកថាសំណើទំាងនេះ គឺជាការដាក់ទណ្ឌកម្ម ព្រមទាំងរំលោភលើច្បាប់អន្តរជាតិ, ធម្មនុញ្ញអង្គការសហប្រជាជាតិ និងដែនអធិបតេយ្យភាពកាតា (...) តែទោះបីជាយ៉ាងណា កាតារក្សាជានិច្ចការដោះស្រាយវិបត្តិបច្ចុប្បន្ន តាមរយៈកិច្ចសន្ទនា»។ លក្ខខណ្ឌទំាង១៣ចំណុចក្នុងនោះ រួមមាន ការបិទសា្ថនីយ៍ទូរទស្សន៍ Al-jazeera, ការបិទមូលដ្ឋានទ័ពតួកគី និងការផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ជាដើម៕