(អ៊ីស្រាអែល)៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានព្រមានប្រទេសក្បែរខាងចំនួនពីរ ដែលនៅជាប់ព្រំដែនភាគខាងជើងរបស់ខ្លួន ចំពោះការចង់សាកល្បងភាពអត់ធ្មត់របស់អ៊ីស្រាអែល ក្រោយកើតមានការវាយប្រហារគ្នាជាបន្តបន្ទាប់ ដែលជ្រាបចេញពីស៊ីរី ចូលមកក្នុងទឹកដីរបស់ប្រទេសអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គ្រាប់កាំភ្លើងត្បាល់ចំនួនពីរគ្រាប់ បានធ្លាក់ទៅលើរបងសន្តិសុខក្នុងតំបន់ Golan Heights នៃប្រទេសអ៊ីស្រាអែល ហើយករណីបែបនេះបានកើតឡើង ជាញឹកញយក្នុងពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ គ្រាប់កាំភ្លើងត្បាល់ទាំងពីរនោះ ត្រូវគេជឿជាក់ថា ត្រូវបានបាញ់ចេញមកពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលលោក អាល់ អាស្សាដ និងក្រុមឧទ្ទាមប្រដាប់អាវុធ នៅក្បែរទីក្រុង Quneitra នៃប្រទេសស៊ីរី។ ទោះបីជាហេតុការណ៍នោះ ពុំបានបណ្តាលឲ្យមានមនុស្សទទួលរងគ្រោះថ្នាក់ ឬការខូតខាតយ៉ាងណាក្តី កងកម្លាំងការពារជាតិអ៊ីស្រាអែល ក៏បានបើកវាយប្រហារសងសឹក ទៅលើមូលដ្ឋានយោធាស៊ីរីមួយកន្លែងវិញ។
នាថ្ងៃដដែលរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលបានថ្លែងថា ស្របពេលដែលអ៊ីស្រាអែលបន្តរក្សាគោលនយោបាយ មិនលូកដៃពាក់ព័ន្ធក្នុងសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅស៊ីរី ការបំពានលើដែនអធិបតេយ្យភាពនៃប្រទេសដទៃ ដែលបណ្តាលមកពីសង្រ្គាមនៅទីនោះ គឺពុំអាចលើកលែងឲ្យបាននោះឡើយ។ លោក Lieberman បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងគ្មានបំណងចូលជ្រៀតជ្រែកក្នុងបញ្ហាជម្លោះណាមួយឡើយ ក៏ប៉ុន្តែខ្ញុំសុំជូនជាយោបល់ដល់បណ្តាអ្នកជិតខាងរបស់យើងថា កុំចង់សាកល្បងភាពអត់ធ្មត់របស់យើងឲ្យសោះ»៕