(អូស្រ្តាលី)៖ គ្រូបង្វឹកផ្ទាល់របស់កំពូលអ្នកប្រដាល់អាស៊ី Manny Pacquiao លោក Freddie Roach បានស្នើសុំឲ្យ មានការស៊ើបអង្កេតទៅលើចៅក្រមទាំង ៣រូប (Judge) ដែលបានធ្វើការដាក់ពិន្ទុទៅឲ្យអ្នកប្រដាល់ម្ចាស់ផ្ទះអូស្រា្តលី ឈ្នះម្ចាស់ខ្សែក្រវាត់ Pac Man ដោយពិន្ទុដាច់ក្នុងការប្រកួតនាព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០១៧ នៅលើសង្វៀន Suncorp ស្ថិតក្នុងទីក្រុង Brisbane។
ចៅក្រមទី១ លោក Waleska Roldan ជនជាតិអាមេរិក បានធ្វើការដាក់ពិន្ទុឲ្យ Horn ឈ្នះ Pacquiao ដោយលទ្ធផល ១១៧ ទល់នឹង ១១១ ខណៈចៅក្រមទី២ លោក Chris Flores ជនជាតិអាមេរិក និងចៅក្រមទី៣ លោក Ramon Cerdan ជនជាតិអាហ្សង់ទីន សុទ្ធតែបានដាក់ពិន្ទុឲ្យ Jeff Horn ឈ្នះ Manny Pacquiao ដោយលទ្ធផល ១១៥ ទល់នឹង ១១៣ ដូចគ្នា ក្នុងការប្រកួតចំនួន ១២ទឹកពេញ (៣នាទី/ទឹក)។
គ្រូបង្វឹកសញ្ជាតិអាមេរិក វ័យ៥៧ឆ្នាំ Freddie បានថ្លែងប្រាប់សារព័ត៌មាន Daily Telegraph នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកក្កដានេះថា «វាលំបាកទទួលយកណាស់ចំពោះលទ្ធផលចាញ់ដាច់នេះ ជាពិសេសចៅក្រម Waleska Roldan ដែលបានដាក់ពិន្ទុឲ្យ Horn រហូតដល់ ១១៧ តែ Pac Man ទទួលបានតែ ១១១ គ្រាដែល Horn បានគ្រប់គ្រងការ ប្រកួតត្រឹមតែ ៣ទឹកប៉ុណ្ណោះ»។
គ្រូបង្វឹកដែលអតីតធ្លាប់ជាកីឡាករប្រដាល់សកលជើងខ្លាំងមួយរូបបានពន្យល់ថា លទ្ធផលពិន្ទុសេសបែបនេះ បើនៅ អាមេរិកវិញ ក៏មានការសួរនាំបន្ថែមពីប្រធានគណៈកម្មការរៀបចំការប្រកួតផងដែរ ទៅលើពិន្ទុខ្លះៗដែលចៅក្រម សម្រេចផ្តល់ឲ្យត្រង់ចំណុចណា? និងមូលហេតុអ្វីទៀត តែនេះមិនមានឡើយ គឺសម្រេច យកជាផ្លូវការតែម្តង។
លើសពីនេះទៀត លោក Freddie Roach ក៏សុំឲ្យមានការចាប់អារម្មណ៍ទៅអាជ្ញាកណ្តាល Mark Nelson ផងដែរ ដោយបានចោទប្រកាន់ថា «លោក Nelson ប្រហែលជាធ្វើការមិនបានល្អនោះទេ ដែលអាចជាកង្វល់ដល់ស្ថាប័ន WBO»។
តែសម្រាប់អតីតគ្រូបង្រៀនដែលទទួលបានជ័យជំនះ និងដណ្តើមបានខ្សែក្រវាត់ទម្ងន់ធម្យមពិភពលោក WBO បានថ្លែងថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះជ័យជំនះនេះ ហើយក៏ពុំមានការភ្ញាក់ផ្អើលទៅនឹងលទ្ធផលឯកច្ឆន្ទ នេះដែរ»។
តែសម្រាប់លោក Glenn Rushton គ្រូបង្វឹករបស់ Horn បាននិយាយទៅកាន់កូនសិស្សថា «ចូលដល់ទឹកទី១១ ជិតចប់ការប្រកួតហើយ Jeff យើងត្រូវតែឈ្នះ»។ នេះទំនងលោក Rushton បានដឹងជាមុនហើយថា កូនសិស្សរបស់ គាត់ប្រាកដជាចាញ់ពិន្ទុ Pac Man ហើយ។
តែសម្រាប់ចៅក្រមទី១ លោក Roldan បានធ្វើការដាក់ពិន្ទុមុនរួចទៅហើយ ដោយសម្រេចឲ្យ Jeff Horn ឈ្នះ Manny Pacquiao ដោយពិន្ទុ ៩៧-៩៣ នោះមានន័យថា «Pacquiao ត្រូវតែផ្តួល Horn ឲ្យសន្លប់ចំពោះ ២ទឹកដែលនៅសល់ ទើបឈ្នះ»៕