(ហ្សាការតា)៖ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី បានទាញសាកសពមនុស្ស០៨នាក់ ចេញពីឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានធ្លាក់នៅភាគខាងលិចប្រទេសកាលពីថ្ងៃអាទិត្យ។ នេះបើតាមអ្នកនំាពាក្យក្រុមមន្ត្រីជួយសង្រ្គោះដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
មន្ត្រីអ្នកនាំពាក្យរូបនេះដដែល បានបញ្ជាក់ទៀតថា ឧទ្ធម្ភាគចក្រខាងលើប្រតិបត្តិដោយក្រុមមន្ត្រីជួយសង្រ្គោះឥណ្ឌូណេស៊ី បានធ្លាក់ម៉ោងប្រមាណ ១៦៖០០នាទី នៅឯភូមិ Canggal នៃស្រុក Temanggung ស្ថិតនៅភាគកណ្ដាលខេត្តជា្វ(Java) នៅអំឡុងពេលហោះនៅក្បែរភ្នំភ្លើង Dieng ដើម្បីជម្លៀសជនរងគ្រោះពីបន្ទុះភ្នំភ្លើងនេះ។
គួរបញ្ជាក់ថា ជនរងគ្រោះទំាង០៨នាក់ ដែលជិះនៅលើឧទ្ធម្ភាគចក្រនេះមានអ្នកបញ្ជាការបើកបរចំនួន ០៤នាក់ និងក្រុមអ្នកជួយសង្រ្គោះ០៤នាក់ ក៏ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់ កំពុងសិ្ថតនៅក្រោមការស៊ើបអង្កេតនៅឡើយ។ ដោយឡែកឯសាកសពរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចបញ្ចូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ ដើម្បីតម្កល់ទុករង់ចាំក្រុមគ្រួសារសាច់ញាតិមកទទួលយក៕